ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានី បាននឹងកំពុងរៀបចំត្រៀមផ្លាស់ប្តូរទីតាំង រោងចក្រសហគ្រាស និងឃ្លាំងទំនិញធំៗ ទៅកាន់ជាយក្រុង បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីសម្រួលលំហូរចរាចរណ៍ ។

ការលើកឡើងរបស់លោកនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំ បូលសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង មានប្រសាសន៍ថា លោកបានបន្តប្រជុំពិភាក្សា ជាមួយសមាគមដឹកជញ្ជូន សមាគមរោងចក្រកាត់ បណ្តាក្រុមហ៊ុនរោងចក្រសហគ្រាស និងម្ចាស់ឃ្លាំងទំនិញធំៗ ដើម្បីស្តាប់សំណូមពរ និងជម្រុញឲ្យមានការផ្លាស់ប្តូរ ទីតាំងទៅតំបន់ជាយរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា “ជាទិសដៅខាងមុខ នៅពេលដែលការដ្ឋានផ្លូវក្រវ៉ាត់ក្រុងទី៣ បញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ នឹងធ្វើឲ្យមានបណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាស និងឃ្លាំងទំនិញមួយចំនួនផ្លាស់ប្តូរ ទីតាំងទៅតំបន់ជាយក្រុងដែលយើង នឹងកាត់បន្ថយបាននូវចំនួនរថយន្តធុនធ្ងន់ ចេញ-ចូលរាជធានីភ្នំពេញ” ។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ លាតសន្ធឹងប្រវែងសរុប៥២គីឡូម៉ែត្រ ផ្លូវមេមានប្រវែង៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹងចាប់ពី២២ម៉ែត្រ ទៅដល់២៧ម៉ែត្រ កម្រាស់២២សង់ទីម៉ែត្រ ។ ចំណែក ផ្លូវខ្នែងមានប្រវែងសរុប ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ហើយមានស្ពានអាកាសឆ្លងផ្លូវជាតិ ចំនួន៤កន្លែង (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ ១គីឡូម៉ែត្រ។

ដោយឡែក ស្ពានឆ្លងទន្លេវិញ មានចំនួន២កន្លែង គឺស្ថិតនៅត្រង់កោះអន្លង់ចិន នៃទន្លេបាសាក់ មានប្រវែងសរុប៩៩៦ម៉ែត្រ (ស្ពានខាងកើតប្រវែង៦៣០ម៉ែត្រ និងខាងលិចប្រវែង៣៦៦ម៉ែត្រ) ព្រមទាំងមានស្ពានមធ្យម និងខ្លីចំនួន៦កន្លែងផ្សេងទៀត។
គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយ បញ្ហាកកស្ទះដោយយានយន្ដធំៗ ដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ច របស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់៕
