ភ្នំពេញ៖ ម៉ាស៊ីនដកពិន្ទុប័ណ្ណបើកបរ និងកត់ត្រាបទល្មើសចរាចរណ៍នានា មកដល់ហើយ សូមគោរពច្បាប់ផង។ នេះបើតាមគេហទំព័ររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃពុធ នេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៩ កុម្ភៈ ច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលណាសមត្ថកិច្ចរថយន្ដល្មើសច្បាប់ ត្រូវតែសួររកបណ្ណបើកបរ ហើយសមត្ថកិច្ច យកឧបករណ៍ដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក (POS) ទៅស្គេនបណ្ណបើកបរចំពោះអ្នកល្មើសច្បាប់។

លោក បញ្ជាក់ថា «ក្រោយពីស្គេនរួច POS បញ្ជាក់ប្រាប់អំពីប្រវត្ត និងភាពត្រឹមត្រូវ នៃបណ្ណបើករ ក្នុងការដកពិន្ទុ។ បន្ទាប់មកទៀត នគរបាល នឹងពិនិត្យមើល ថា អ្នកបើកបរខុសអ្វី ហើយត្រូវកាត់ពិន្ទុប៉ុន្មាន និងពិន័យប៉ុន្មាន រួចហើយ នគរបាល ថតរូបអ្នកល្មើសច្បាប់ និងរថយន្ដ បន្ទាប់មកចេញវិក្កយប័ត្រ ចេញពីម៉ាស៊ីន POS ដើម្បីជូនទៅជនល្មើសនោះ យកទៅបង់ប្រាក់»។
សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យនានា។
លើសពីនេះទៀត ការបង្កើតឡើងនូវកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរសម្រាប់អ្នកបើកបរខុសច្បាប់នេះ ជាកិច្ចប្រឹងប្រែងមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជំរុញឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ ហើយឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕

