ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ និងធ្វើជាសហប្រធាន កិច្ចប្រជុំកំពូល សន្តិភាពពិភពលោក

ភ្នំពេញ: ព្រឹកថ្ងៃទី១០កុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម ក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) ខ្ញុំនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

សម្តេច មានប្រសាសន៍ថា “ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូន ជនរួមជាតិបន្តចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា” ៕

To Top