ព័ត៌មានជាតិ

គ្រួសារមួយរស់នៅខេត្តសៀមរាប ប្រឈមនឹងការ បណ្តេញចេញពីផ្ទះ ធ្លាប់រស់នៅជាង ៣៥ឆ្នាំ សុំឲ្យប្រធានគណៈកម្មាធិការ​ សិទ្ធិមនុស្សកម្ពុជា ធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយ គោលនយោបាយមនុស្សធម៌

សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុង សំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃ សាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យលោក កែវ​​ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការ សិទ្ធិមនុស្សកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលនាង និងក្រុមគ្រួសារប្រឈមនឹង ការបណ្តេញចេញពីផ្ទះ ដែលបានរស់នៅអស់រយៈពេលជាង ៣៥ឆ្នាំ ក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋាន ណាផ្សេងពីនេះដើម្បីស្នាក់នៅនោះទេ ។ ដូច្នេះតើឲ្យនាងនិងក្រុមគ្រួសារ ៤នាក់ទៀតទៅរស់នៅទីណា? ។

ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានអះអាងថា នាងមិនប្រឆាំងនឹងការសម្រេច របស់តុលាការទេប៉ុន្តែដោយសារនាង ​រស់នៅលើផ្ទះទំនាស់នេះរយៈពេល ៣៥ឆ្នាំ បង្កើតជាគ្រួសារមួយមាន សមាជិកចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិតសុំអន្តរាគមន៍ ស្នើសុំដោះស្រាយតាមគោល នយោបាយមនុស្សធ៍មនោះលោក អង្គ​ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានចេញលិខិតលេខ២០០កយ​ អកអ១៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ដោយជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ពិនិត្យដោះស្រាយជាសមត្ថកិច្ច។ ដោយគ្មានដំណោះស្រាយទើប នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ​ វង្សវឌ្ឍនា បានចារលើលិខិតរដ្ឋបាលលេខ២៦១ ដោយចាត់ឲ្យលោក ប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍ម ទទួលបន្ទុកអាជ្ញាសាលា ពិនិត្យនិងចាត់ចែងលើការស្នើសុំ ដោះស្រាយតាមគោលនយោបាយមនុស្សធម៌ របស់ស្ត្រីឈ្មោះ សាម ចាន់នេះបន្តទៀតតែមិនមាន ដំណោះស្រាយដដែលបែរជា លេចចេញនូវការកំណត់ឲ្យរុះរើផ្ទះ ចេញទៅវិញធ្វើឲ្យនាងតក់ស្លុត ក្នុងចិត្តយ៉ាងខ្លាំង។

ក្នុងលិខិតចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ សាម ចាន់ បានជំរាបជូនលោក កែវ​​ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការ សិទ្ធិមនុស្សកម្ពុជា មេត្តាជ្រាបថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹមនិងរស់នៅ ជាមួយក្នុងនាមជាកូនចៅលើផ្ទះទំនា​ស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេលដែល ទាហានខ្មែរក្រហមឧស្សាហ៍ ចេញចូលអុកឡុកក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំនិង អាជ្ញាធរមូលដ្ឋានធ្វើជាសាក្សី។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះ យិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោក យិត ខាវ ជាម្ចាស់បំណុលនិងកូនៗរបស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅ លើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាល ពេលបុណ្យទានប៉ុណ្ណោះ​ ។

ដោយឡែកពួកគេទាំងអស់នេះ សុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។ លិខិតដដែលបានអះអាងប៉ុន្តែ នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណាវី បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់ និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះ ដោយយោងលើលិខិតគ្រប់គ្រងដី និងផ្ទះ ដែលចុះហត្ថលេខាដោយលោកមេឃុំសំរោង តាំងពីសាលាដំបូងរហូត ដល់តុលាការកំពូល។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះទៅអោយឈ្មោះ យិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រង តាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។

ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដី និងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់រស់នៅ ក្រៅពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយ តាមគោលការណ៍មនុស្សធម៌ ជាច្រើនលើកច្រើនសារតាមរយៈលោក អង្គ​ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំឲ្យលោក កែវ​​ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយក្តីអនុគ្រោះ ៕

To Top