ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ បានធ្វើការឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត និង បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការចាប់បង្ខាំង ជនរងគ្រោះ ជនជាតិចិន ចំនួន ២នាក់ និង ចាប់ជំរិតទារប្រាក់ ពីពួកគេ ជាថ្នូរនឹងការដោះលែង អោយមាន សេរីភាពឡើង ប្រព្រឹត្ត ត្រង់ចំណុចសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ការចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះពីក្រុងបាវិត ខេត្តស្វាយរៀងថា មានក្រុមជនសង្ស័យជាជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជំរិតមនុស្ស ដើម្បីទារប្រាក់ នៅភ្នំពេញ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បាននិយាយថា ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យខាងលើ, សមត្ថកិច្ច បានសង្គ្រោះជនរងគ្រោះ និង ដកហូតបាន វត្ថុតាង ពាក់ព័ន្ធ មួយចំនួនពីពួកគេ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរចម្លើយ និង ស៊ើបអង្កេតបន្ថែម និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ: លីហ្សា