ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមរវាងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នានៅពេលដ៏ខ្លី ខាងមុខនេះ ពោលក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាឯកច្ឆន្ទ។

លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើន ជាមួយបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក នៅប្រទេសថៃ ប្រទេសវៀតណាមជាដើម ។ ការចងសម្ព័ន្ធមេត្រីភាពនេះ ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងគ្រប់វិស័យ មានវប្បធម៌ អប់រំ ទូរគមនាគមន៍ និងបរិស្ថាន ដោយមិនបានគិតថា ជាទីក្រុងតូច ឬទីក្រុងធំនោះទេ ។

ជុំវិញករណីនេះ លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាព។ ក្រោយការពិនិត្យនិងសម្រេចហើយនោះ ទីក្រុងទាំង២នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នាជាផ្លូវការ។

លោក ឃួង ស្រេង ក៏បានលើកឡើងថា អំឡុងកម្ពុជារីករាលដាល ដោយជំងឺកូវីដ រយៈពេល២ឆ្នាំកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ ខ្លាំងបំផុត ដោយស្វែងរកវ៉ាក់សាំងផងទិញផង យកមកចាក់ពលរដ្ឋកម្ពុជា ពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញជាផ្ការីក ដោយចេញទៅខេត្តនានា ទូទាំងប្រទេស ហើយទទួលបានជោគជ័យនក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីថែមទៀត។

ក្នុងឱកាសនោះ អភិបាលក្រុងម៉េស Metz បានលើកឡើងថា កម្ពុជា និងបារាំង គឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង កាន់តែស្គាល់គ្នាច្បាស់ ។

បន្ថែមពីនេះទៀត លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ ក៏បានបញ្ជាក់ថា នៅកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាមនុស្សខ្លាំងបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ។ ជាក់ស្ដែងអ្វី ដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះក្នុងដំណាក់ការ នៃការរីករាលដាលជំងឺក៏ដោយ៕
