ភ្នំពេញ៖ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១.១៦៩.៥៥០ដុល្លារ ដើម្បីជួសជុលកែលម្អ និងសាងសង់បន្ថែម នូវព្រះរាជសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

យោងតាមហ្វេសប៊ុក Royal Du Cabodge នៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា ការប្រោសព្រះរាជទាន ព្រះរាជទ្រព្យនេះ គឺស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាម ព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះ ករុណា ព្រះ វររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតា សិក្សាធិការជាតិ ស្តេចបានដឹកនាំកសាង អភិវឌ្ឍន៍ជាតិខ្មែរ រីកចម្រើនជឿនលឿន លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំសិក្សាធិការ ដែលបានបម្រើឲ្យការរស់នៅ របស់ប្រជានុរាស្រ្ត មានភាពល្អប្រសើរ ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមក្រៃលែង ៕




