ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា កាលដែលសហរដ្ឋអាមេរិក យល់ព្រមលក់យន្ដហោះចម្បាំង ទៅឱ្យប្រទេសឥណ្ឌូនេស៊ី គឺដើម្បីទប់ស្កាត់ទៅនឹងឥទ្ធិពលចិន ក្នុងតំបន់អាស៊ាន និងសមុទ្រចិនខាងត្បូង។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីទីភ្នាក់ងារ ព័ត៌មាន បារាំង AFP បានចុះផ្សាយថា អាមេរិក យល់ព្រម លក់ យន្តហោះ ចម្បាំង F-15 ចំនួន១៤ពាន់ លាន ដុល្លារ ទៅ ឥណ្ឌូនេស៊ី។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជាភូមិសាស្ត្រនយោបាយ ដែលអាមេរិកនិងចិន ប្រកួតគ្នាកាប់កាប់ក្នុងតំបន់។ ឥឡូវនេះឥណ្ឌូនេស៊ី កំពុងចេញមុខ តទល់ចិនដោយកោះប្រជុំ៦ប្រទេស ក្នុងប្លុកអាស៊ាន និយាយពីបញ្ហាសមុទ្រចិនខាងត្បូង»។
នាឱកាសនេះលោក សយ សុភាព ក៏បានរំលឹកថា ក្នុងបណ្តាឆ្នាំ១៩៦០ ស៊ី អាយ អេ (CIA) ធ្លាប់ដឹកនាំធ្វើរដ្ឋប្រហារទំលាក់ ប្រធានាធិបតី សឺកាណូ លើកឧត្តមសេនីយ៏ ស៊ូហារតូ ដឹកនាំជំនួស ហើយឆ្នាំ១៩៧៥ លើកកងទ័ពចូលទីម័រខាងកើត ដោយខ្លាចចិន សងសឹកបង្កើតទ័ពឧទ្ទាម ទ័ពព្រៃ វាយឥណ្ឌូនេស៊ី វិញ៕