ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារ សម្ដេច ម្នាក់ឯងនោះទេ មានមនុស្សជាច្រើនសាកសមនឹងទទួលពានរង្វាន់នេះ ដោយសារពួកគេចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ សម្ដេច ក្នុងកិច្ចដំណើរការ នៃការកសាងសន្តិភាព នៅកម្ពុជា។
ថ្លែងក្នុង កម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់ សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ សម្ដេច ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។
សម្ដេច អបអរសាទរលោកស្រីសាស្ត្រាចារ្យ ដើម សារ៉ា ខាថឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រី ពិតជាបានចូល រួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិ នៃជំងឺកូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្ស រាប់លាននាក់ នៅលើពិភពលោកនេះ។
សម្ដេច បញ្ជាក់ថា «សម្រាប់ខ្ញុំ ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំ តែ ម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា»។
សម្ដេច សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្ដម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតី នៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។
សម្ដេច បានថ្លែងអំណរគុណ ដល់ក្រុមគ្រួសាររបស់សម្ដេច ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសជាតិ របស់សម្ដេច ។ មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់ អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាង និងលើកកម្ពស់សន្តិភាព ។
សម្ដេច ថា បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយនៅក្នុងដំណើរការ នៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផល សម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា៕