ភ្នំពេញ ៖ នៅចំពោះមុខ គណៈកម្មាធិការពានរង្វាន់ សន្ដិភាពស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អ្នកដែលមិនធ្លាប់ឆ្លង កាត់នូវទុកលំបាក និងការឈឺចាប់បង្កឡើង ដោយភ្លើងសង្គ្រាម ប្រហែលជាមិនឲ្យ តម្លៃលើសន្ដិភាពនោះឡើយ។
កម្មវិធីទទួលពានរង្វាន់ សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្រាប់ សម្ដេច សន្តិភាពមានតម្លៃជាងអ្វីៗ ទាំងអស់ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត សន្តិភាព ផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹម ដល់មនុស្សគ្រប់រូប ។
សម្ដេច មានប្រសាសន៍ថា «អ្នកដែលមិនធ្លាប់បានឆ្លង កាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្ក ដោយសង្គ្រាម ប្រហែលជាមិនឲ្យតម្លៃលើ សន្តិភាពនោះឡើយ។ ចំណែកឯអ្នក ដែលធ្លាប់បានឆ្លង កាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ»។
ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា « ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា ។ ខ្ញុំត្រូវបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយ សង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាន នូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំ មានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។ នាពេលនោះ ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្ញុំ និងអនាគត របស់ប្រទេសខ្ញុំ»។
សម្ដេច បន្ថែមថា ចាប់ពីពេលនោះមក សម្ដេច បានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាព ជូនប្រទេសកម្ពុជា ។ សម្ដេច បានចំណាយ ពេលប្រមាណជិត៣ទសវត្សរ៍ ដើម្បីសម្រេចបាន នូវក្ដីសុបិនរបស់ សម្ដេច ដោយ សម្ដេច ត្រូវស៊ូទ្រាំ នឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយ ជីវិតនៅក្នុងកិច្ចដំណើរការ នៃការកសាងសន្តិភាពមួយនេះ ។ ជាក់ស្ដែង សម្ដេច បានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។
សម្ដេច ត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើង ទៅកាន់ប្រទេសវៀតណាមទាំង កណ្ដាលយប់អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន ។ ជាងនេះទៅទៀត សម្ដេច បានទុកចោលប្រពន្ធ ឲ្យនៅកណ្តោចកណ្តែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦ សម្ដេច បាន ប្រថុយជីវិតរបស់ សម្ដេច ម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកង កំលាំងខ្មែរក្រហមនៅ ឯមូលដ្ឋាន យោធារបស់ពួកគេ ឲ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិត សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។
លើសនេះទៀត សម្ដេចតេជឮោ ហ៊ុន សែន បានលើកឡើងថា គោលនយោបាយ ឈ្នះ-ឈ្នះនេះ ក៏បានជំរុញឲ្យប្រទេសកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ។ គោលនយោបាយ ឈ្នះ-ឈ្នះ នេះ ក៏បានអនុញ្ញាតផងដែរ ឲ្យរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវ ផលប្រយោជន៍ និងកាលានុវត្តភាព នានាពីសន្តិភាព និងការអភិវឌ្ឍ កម្ពុជារក្សាបាននូវសន្តិភាព រយៈពេលជាង ២០ឆ្នាំមកហើយ ។
សម្ដេច បញ្ជាក់ទៀតថា «ជាមួយគ្នានេះ យើងប្តេជ្ញាចិត្តថា នឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ»។
សម្ដេច ក៏បានឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្តីសុបិន ដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋាភិបាលកម្ពុជា បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីន របស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារ សន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជា តូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែក ដល់ដំណើរការ នៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ ៕