ព័ត៌មានជាតិ

ប.ស.ស. គោរពអបអរសាទរ សម្ដេចតេជោ ក្នុងឱកាសទទួលពានរង្វាន់ “សន្តិភាពស៊ុនហាក់ SUNHAK PEACE PRIZE 2022”

ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំមន្រ្តីបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២  នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព សមត្ថភាព និងស្នាដៃដ៏ឧត្តុង្គឧត្តមដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងលះបង់ អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការស្វែងរកសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ឯកភាពជាតិ ជូនប្រជាជន និង

ជាតិមាតុភូមិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងការអភិវឌ្ឍប្រទេសជាតិឱ្យមាន

ការរីកចម្រើនគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យប្រកបដោយចីរភាព បរិយាប័ន្ន និងមានចក្ខុវិស័យវែងឆ្ងាយ។

ពានរង្វាន់នេះ ក៏ជាសក្ខីភាពនៃភាពដ៏ប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើតទំនាក់ទំនងការទូក និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តក្នុងតំបន់ នឹងលើពិភពលោក ដែលធ្វើឱ្យកម្ពុជាមានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយថែរក្សា ការពារ និងប្រស្និទ្ធពរជ័យ បវរសួស្តី មហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លា ដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងសម្បូររុងរឿង តរៀងទៅ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដោយស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕

To Top