នយោបាយ

លោក រ៉ុង ឈុន ប្រកាសត្រៀមឈានជើង ចូលគណបក្ស ភ្លើងទៀន (Video)

ភ្នំពេញ៖ លោក រ៉ុង ឈុន អតីតសកម្មជន នយោបាយបក្សប្រឆាំង បានប្រកាសត្រៀមខ្លួន ធ្វើនយោបាយឡើងវិញ ដោយនឹងឈានជើងចូលគណបក្ស ភ្លើងទៀន ប្រសិនបើមានតម្រូវការចាំបាច់ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាឥស្សរជនឬមួយថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន បច្ចុប្បន្ន។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ុង ឈុន បានលើកឡើងថា « ទាក់ទងទៅនឹងគណបក្សនយោបាយ មកដល់ពេលនេះខ្ញុំមិនទាន់បានគិតនៅឡើយនោះទេ ប៉ុន្តែខ្ញុំក៏មិនបដិសេធដែរ ប្រសិនបើមានតម្រូវការវត្តមាន ខ្ញុំដោយចាំបាច់ ដូចដែលការលើកឡើងពីប្រជាពលរដ្ឋស្នើខ្ញុំឱ្យទៅដឹកនាំ បក្សភ្លើងទៀន អីនឹង ខ្ញុំអរគុណចំពោះពួកគាត់ដែលបានលើកឡើង ហើយខ្ញុំមិនបដិសេធនូវអ្វីដែលគាត់លើកឡើងដែរ ខ្ញុំនឹងយកទៅពិចារណា។ហើយស្របពេលនឹង ឥស្សរជនឬមួយថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន មកស្នើសុំឱ្យនោះ ខ្ញុំនឹងធ្វើការពិចារណានិងធ្វើការសម្រេចចិត្តតាមក្រោយ»។

ពាក់ព័ន្ធទៅនឹង ករណីថានឹងទៅធ្វើជាប្រធានបបក្ស ភ្លើងទៀន លោក រ៉ុង ឈុន បានថ្លែងថា ក្នុងគណបក្សមួយ តែងតែមានរឿងផ្ទៃក្នុងរបស់គេ ប៉ុន្តែប្រសិនបើមានការស្នើឡើងនោះ វាប្រហែលជាមានការជជែកគ្នា ថាត្រូវធ្វើយ៉ាងដូចម្ទេចថានឹងយករូបលោក ឱ្យទៅដល់កន្លែង(គណបក្សភ្លៀងទៀន) នឹងហើយ។

សូមបញ្ជាក់ថា គណបក្សភ្លើងទៀន កើតចេញពីអតីតគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដោយបានច្របាច់បញ្ចូលគ្នា ទាំងរចនាសម្ព័ន្ធ និងទាំងកម្លាំងស្នូល នៅកម្រិតជាតិ និង មូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២ ប៉ុន្តែបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ ។

គណបក្សភ្លើងទៀន បានប្រារព្ធពិធីសមាជសាមញ្ញាគណបក្ស នាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១នៅសណ្ឋាគារសាន់វ៉េ មានអ្នកចូលរួម ពីសមាជិក-សមាជិកា ព្រមទាំង ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់។ គណបក្សភ្លើងទៀន រៀបចំសមាជសាមញ្ញាគណបក្សនេះ គឺអនុលោមតាមលក្ខន្ដិកៈគណបក្ស និងកំណត់ទិសដៅ យុទ្ធសាស្ដ្រនយោបាយសំខាន់ៗ សម្រាប់គណបក្ស៕

To Top