ព័ត៌មានជាតិ

កម្មវិធី SIS Cambodia ជួយ​សាលារៀន នៅខេត្តកំពត អនុវត្ត​ប្រព័ន្ធអប់រំបែបឌីជីថល

កំពត៖ កម្មវិធី SIS Cambodia ដែល​ជាប្រព័ន្ធ​អប់រំបែប​ឌីជីថល​ ​ដែល​បង្កើត​ឡើង​ដោយ ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយ​សហការជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយ​នៅតាម សាលារៀន​នៅខេត្តកំពត ដោយ​ជួយ​សាលារៀន​ទាំងនេះ ​ងាកមក​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ការអប់រំ ។

ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី SIS Cambodia នេះ​ត្រូវបានធ្វើ​ឡើង​នៅឯ​សិក្ខាសាលា​មួយ នាពេលថ្មីៗនេះ ដែលរៀបចំឡើង​ដោយ​ក្រុម​ការងារ SIS Cambodia នៅខេត្តកំពត ដែល​នៅក្នុងនោះ គេបានធ្វើបទបង្ហាញ​ពីប្រព័ន្ធ SIS និង​ផលប្រយោជន៍​នៃការប្រើប្រព័ន្ធ​នេះ ។ បើយោងតាមក្រុមហ៊ុន មិត្តហ្វូន ការដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ SIS Cambodia នេះ គឺដើម្បី​លើក​ទឹកចិត្ត​ជំរុញ​ឱ្យ​ មាន​ការអប់រំប្រសើរឡើង​ នៅតាមវិទ្យាល័យ​នានា​នៅទូទាំងខេត្ត ដោយប្រើប្រាស់​កម្មវិធីអប់រំឌីជីថល SIS នេះ ។

នៅឯសិក្ខាសាលានៅខេត្តកំពតនេះដែរ អ្នកចូលរួម ដែល​រួមមានគ្រូ​បង្រៀន សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​អប់រំ ក៏បានស្ដាប់​ការចែករំលែកបទពិសោធន៍ ជោគជ័យ​នៃសាលារៀនផ្សេងៗទៀត​នៅ​បណ្ដាខេត្តផ្សេងៗផងដែរ​ ដែល​ប្រើប្រាស់ ​កម្មវិធីអប់រំឌីជីថល SIS Cambodia ដើម្បី​កែលម្អ​ការបង្រៀន​និង​ការរៀនសូត្រ​នៅក្នុង សាលារៀនរបស់ពួកគេ ។

ក្នុងចំណោម​ផលប្រយោជន៍ ជាច្រើន​ផ្សេងទៀត កម្មវិធី SIS Cambodia មាន​ផល​ប្រយោជន៍សំខាន់ៗ​ចំនួន ៥យ៉ាង ដូចខាងក្រោមនេះ៖

១.ការរៀនតាមប្រព័ន្ធឌីជីថល ធ្វើ​ឱ្យ​សិស្ស​កាន់តែឆ្លាតវៃ និង​យល់មេរៀនបានច្រើន
ប្រព័ន្ធឌីជីថល​បង្កើន​ប្រសិទ្ធផល ​នៃការសិក្សា​និង​ផលិតភាព​ យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ លើសពីនេះ ឧបករណ៍​និងបច្ចេកវិទ្យា រៀនតាមប្រព័ន្ធឌីជីថល ​ជួយ​បង្វឹក​ជំនាញ​ត្រិះរិះពិចារណា​របស់ សិស្ស​ឱ្យ​ប្រសើរ​ជាងមុន ដែលជា​មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ​ការគិតគូរបែបវិភាគ ។ សិស្ស​ក៏​អភិវឌ្ឍ​នូវ​ការគិត​បែប​វិជ្ជមាន​​ពីការ​រៀនចេះនូវចំណេះដឹង និងជំនាញថ្មីតាមរយៈ​ការ​ ប្រើប្រាស់​ឧបករណ៍រៀនតាមឌីជីថល ដែល​នាំ​ឱ្យ​ពួកគេកាន់តែមាន ទំនុកចិត្ត​ខ្លួន​ឯងថែមទៀត ។

២.ការរៀនតាមឌីជីថល​ ជួយ​សិស្សរៀនសូត្រ​ពីការ ទំនាក់ទំនង​កាន់តែមាន ទំនួលខុសត្រូវថែមទៀត
ជាមួយនឹង​ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល សិស្សកាន់តែចេះប្រាស្រ័យ ទាក់ទង​គ្នាទៅវិញទៅមក និង​ចងចាំមេរៀនបានច្រើន គឺច្រើនជាង​ការ​អានមេរៀនប្រាប់តែពីគ្រូ​មកសិស្ស ។ ពួកគ​នឹងយល់​ពី​បរិបទ​ប្រសើរ​ជាមុន និង​កាន់តែចូលចិត្ត​ចូលរួម ​ក្នុងសកម្មភាពរៀនសូត្រ ។ លើសពីនេះ នៅពេល​សិស្សអាចតាមដាន​ ភាពរីកចម្រើនរបស់ខ្លួន​ដោយ​ខ្លួនឯង ពួកគេអាច​ធ្វើ​ឱ្យខ្លួនពួកគេ ​កាន់តែប្រសើរឡើង អាចរៀនសូត្រ​ដោយ​ឯករាជ្យ បង្កើន​ទឹកចិត្តចង់រៀនសូត្រ និង​មាន​ទំនួលខុសត្រូវ​ច្រើនជាងមុន ។

៣.ឧបករណ៍រៀនតាមឌីជីថល​ លើក​កម្ពស់​ការបង្រៀនរបស់គ្រូ និង​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់ តែមាន​ចំណាប់អារម្មណ៍ ​លើការសិក្សារបស់កូនៗ

ឱកាស​ក្នុងការសម្រួល​លំដាប់លំដោយ នៃមេរៀន​សម្រាប់​សិស្សម្នាក់ៗ នឹងធ្វើ​ឱ្យ​ការអប់រំកាន់តែមានប្រសិទ្ធភាព ដោយ​កាត់បន្ថយ​គម្លាត​ ការសិក្សា​ទាន់ពេលវេលា និង​ពន្លឿន​វឌ្ឍនភាពរបស់សិស្ស ។ ប្រព័ន្ធ​ឌីជីថល​ក៏ជួយ​ដល់​គ្រូ ​ក្នុងការ​បង្រៀន​កាន់តែប្រសើរឡើង ហើយ​សិស្ស​ក៏ស្រួលរៀន​ តាមរយៈ​ការចូលរួម​និង​ការកម្សាន្ត ។ អាណាព្យាបាល​ក៏អាច​ពិនិត្យ​មើល​សកម្មភាព រៀនសូត្រ​តាមអនឡាញរបស់កូនៗ​ និង​អាច​ជួយ​បង្រៀន​ពួកគេបន្ថែម​ ពីលើអ្វីដែលបានរៀននៅក្នុង​ថ្នាក់រៀន ។ ឧបករណ៍​និង​បច្ចេកវិទ្យា​រៀន​តាម​ឌីជីថល​មានភាពទាក់ទាញ​សម្រាប់​សិស្ស​ និង​មាន​ផល​ប្រយោជន៍​ជាច្រើន​ ដល់​ការវិវឌ្ឍ​និង​សុខភាព​របស់សិស្ស ។

៤.ឧបករណ៍​ និង​បច្ចេកវិទ្យា​រៀនតាមឌីជីថល ​ជួយ​បង្កើន​ការចែករំលែក​ ព័ត៌មាន​បានលឿនរហ័ស
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរពី​សៀវភៅបោះពុម្ព​ ទៅជា​ប្រព័ន្ធឌីជីថលបាន​ជះឥទ្ធិពល ​យ៉ាង​ខ្លាំង​មកលើ​របៀប​រៀនរបស់​យើង ។ ដូចគ្នានឹងវិស័យរោងពុម្ព​កាលពី​៦សតវត្សរ៍មុន ការផ្លាស់ប្ដូរនេះ​​កំពុង​ផ្លាស់ប្ដូរ​ ការអប់រំ​ក្នុងប្រព័ន្ធ និង​បង្កើន​ឱកាសនៃការរៀនសូត្រ ។ ការរៀនតាមប្រព័ន្ធឌីជីថល​ មិនត្រឹមតែ​អនុញ្ញាត​ឱ្យ​សិស្ស​អាចទទួលបានព័ត៌មាន កាន់តែច្រើន​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏ធានាបានថា ព័ត៌មាន​នេះ​​អាចកែសម្រួល​ បាន​ឱ្យ​ស្របទៅតាមតម្រូវការ​ បុគ្គលម្នាក់ៗ​ផងដែរ ។ ដោយ​ប្រើ​ឧបករណ៍ឌីជីថល និង​ការរៀនតាមអនឡាញ ថ្នាក់រៀននៅទូទាំងប្រទេស និងជុំវិញពិភពលោក​មិនត្រឹមតែ អាចធ្វើការជាមួយ​គ្នា​ដើម្បី​ចែករំលែក​ បទពិសោធន៍ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏អាចលើក​កម្ពស់ ជំនាញ​រៀន​បានផងដែរ ។ សាលារៀន​អាច​សន្សំសំចៃថវិកា​ និង​អាចធានាបាន​ការទទួលបាន ​ឯកសារមេរៀន​បានស្មើភាពគ្នា ដូចគ្នា​នឹង​សាលារៀន​ឯកជនដែលថ្លៃៗផងដែរ ។

៥.បង្កើន​លទ្ធភាពមាន​ការងារ ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា ​ជាមួយនឹង​ឧបករណ៍​ និង​បច្ចេកវិទ្យារៀន​បែបឌីជីថល
ការបំពាក់បំប៉នសិស្ស​នូវ​ជំនាញ​ និង​លក្ខខណ្ឌ​ដែលគេត្រូវការ សម្រាប់​ការអប់រំនៅថ្នាក់ មហាវិទ្យាល័យ​និង​ទទួលបាន ​អាជីពការងារ​តាំពីក្មេងទៅ បានក្លាយជា​ទំនួលខុសត្រូវដ៏សំខាន់បំផុតមួយ​ របស់​ប្រព័ន្ធអប់រំ​នៅ​តាមសាលារៀន ។ ខណៈដែល​ពិភព​លោក​កំពុង មានវិបត្តិ​ការងារ​ដោយសារតែកូវីដ-១៩ ប្រជាជន​ជាច្រើន​លាននាក់​បាន​បាត់បង់ការងារ ជាពិសេស ការងារបែបប្រពៃណី ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជន​ជាច្រើន​ក៏មាន​ស្ថិរភាព​ការងារដែរ នៅក្នុង​ឧស្សាហកម្ម​ដែល ទាក់ទិននឹង​បច្ចេកវិទ្យា ។
សម្រាប់គោល​បំណងនេះ វិធីអប់រំនិងរៀនសូត្រថ្មីៗ​ចាំបាច់ត្រូវតែដាក់បញ្ចូល ​និងដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​កម្មវិធីសិក្សា ដោយ​ចាប់ផ្ដើមតាំងពី ថ្នាក់​បឋមសិក្សាឡើងទៅ ៕

To Top