ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីជម្រើសកំណែ ទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ បានលើកឡើងថាកំណែទម្រង់របបប្រាក់សោធន សម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ គឺដើម្បីគាំទ្រ ដល់ការអភិវឌ្ឍរបស់ ប.ស.ស. និងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង ដែលនឹងបំពេញការងារដទៃទៀត របស់អង្គការអន្តរជាតិ ខាងការងារ (ILO) ស្តីពីកិច្ចគាំពារសង្គម។
តាមរយៈគម្រោងផែនការ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា កន្លងមក ប.ស.ស. បានទទួលវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញចំនួន ៣ដង ក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធទៅនឹងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម និងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យ សម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រវិនិយោគ ធៀបនឹងការគណនា វាយតម្លៃហានិភ័យហិរញ្ញវត្ថុ ធៀបនឹងការគ្រប់គ្រង ហិរញ្ញវត្ថុផងដែរ ។
គួរបញ្ជាក់ថា ក្នុងកិច្ចសហការដ៏ល្អជាមួយ ប.ស.ស. កន្លងមក និងយោងតាមស្មារតី នៃអង្គប្រជុំខាងលើ អង្គការអន្តរជាតិខាងការងារ(ILO) បានស្នើសុំពិភាក្សាបន្ថែម ជាមួយក្រុមការងារ ប.ស.ស. ជាពិសេសជាមួយ លោកអគ្គនាយក ប.ស.ស. ដើម្បីឈ្វេងយល់នូវការគាំទ្រ ដែល ប.ស.ស. ត្រូវការពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងស្នើសុំការឯកភាព ពាក់ព័ន្ធនឹងផែនការ ការងារខាងលើ និងផែនការការងារលម្អិត សម្រាប់ការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ មុនពេលឈានដល់ ការអនុវត្តផែនការ ការងារខាងលើនេះ។
ឆ្លៀតក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានស្នើសុំអង្គការអន្តរជាតិ ខាងការងារ (ILO) ក្នុងការផ្តល់អ្នកប្រឹក្សាយោបល់ ដើម្បីជួយដល់ដំណើរការ រៀបចំផែនការ សកម្មភាពលម្អិត នៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្ម ដំណាក់កាលទី២ របស់ ប.ស.ស. ផងដែរ។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីទ្វេភាគីរវាងតំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃប.ស.ស. សរុបប្រមាណជាង ១០រូប៕