ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន ប្តេជ្ញាធ្វើឲ្យភាពជា ប្រធានអាស៊ាន របស់កម្ពុជាឆ្នាំនេះ ទទួលបានជោគជ័យ ត្រចះត្រចង់

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងជាប្រេសិតពិសេស របស់ប្រធានអាស៊ានឆ្នាំ២០២២ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យភាព ជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នេះ ទទួលបានជោគជ័យត្រចះត្រចង់ ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំ ចាប់ពីថ្ងៃ១៦-១៧ កុម្ភៈ ។

ក្នុងអំឡុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការ លឹម ចុកហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួន ដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន ចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការ ក្នុងការពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខ័ណ្ឌ ការរៀបចំច្រករបៀង ធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឲ្យតំបន់អាចកសាងឡើងវិញ កាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។

ជាងនេះទៅទៀត ភាគីទាំង២ក៏បានឯកភាពគ្នា ជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ ដើម្បីរៀបចំបង្កើត មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេស ជាសមាជិកអាស៊ាន ដោះស្រាយបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និង ត្រៀមរៀបចំ សម្រាប់វិបត្តិសុខភាពនាពេលអនាគត។

អំពីការស្នើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្តេ ខណៈមានការទទួលស្គាល់ នូវការលំបាក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់ បេសកកម្មស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ាន អាចចាប់ផ្តើមពិភាក្សា លើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ ក៏បានពិភាក្សាគ្នា យ៉ាងទំលំទូលាយ អំពីស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ ទៅលើការងារនានារបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមក្នុងកិច្ចសន្ទនាមួយ ប្រកបដោយបរិយាប័ន្ន សំដៅសម្រេចបាន នូវសន្តិភាពយូរអង្វែង។

លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ ក៏បានពិភាក្សាពីតួនាទីដ៏សំខាន់ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងស្នើសុំ ក្លាយជាដៃគូសន្ទនា ដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្តល់ ដោយលេខាធិការដ្ឋានអាស៊ាន ចាប់តាំងពីការចាប់ផ្តើម នៃអាណត្តិប្រធានអាស៊ាន របស់កម្ពុជា។ លោកអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឲ្យភាពជាប្រធានអាស៊ាន របស់កម្ពុជា ឆ្នាំ២០២២ នេះ ទទួលបានជោគជ័យត្រចះត្រចង់៕

To Top