ភ្នំពេញ៖ ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ មួយទៀតដែលគ្រោងធ្វើឡើង នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ខាងមុខហើយ ។ នេះបើតាមហ្វេសប៊ុករបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ នាថ្ងៃ១៥ កុម្ភៈ។

ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ នៅខេត្តឧត្តរមានជ័យនេះ ជាស្តូបទី៣ហើយ បន្ទាប់ពីស្តូបនៅខេត្តកោះកុង និងស្តូបនៅរាជធានីភ្នំពេញ ។
ស្តូបនៅរាជធានីភ្នំពេញ ត្រូវបានប្រសិទ្ធនាមថា ជាវិមាន ឈ្នះ ឈ្នះ បានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ នៅលើទំហំដី៨ ហិកតា នៅខាងមុខកីឡដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយមានកម្ពស់ ៥៤ ម៉ែត្រតួមានផ្ទៃ១១៧ ម៉ែត្រ គុណនឹង១១៧ ម៉ែត្រ។

ចំណែក ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ មានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ ។
សម្តេច ទៀ បាញ់ ធ្លាប់បានមានប្រសាសន៍ថា ដោយសារកម្ពុជាបានជួបប្រទះ នឹងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ដែលបង្កការឈឺចាប់ខ្លោចផ្សា ចំពោះប្រជាជនកម្ពុជាទាំងមូលក្នុងនោះ ខេត្តឧត្តរមានជ័យ បានបន្សល់ស្លាកស្នាម មិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចបន្តថា បទពិសោធន៍ជាប្រវត្តិសាស្ត្រជាច្រើន ជំនាន់ក្នុងអតីតកាល និងសមិទ្ធផលសង្គមជាតិកន្លងមកថ្មីៗនេះ ជាមូលដ្ឋានសំខាន់សម្រាប់រួម សាមគ្គីគ្នាសាងសង់វិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញបានកើតឡើង ក្រោមគំនិតផ្តួចផ្តើមសម្តេចតេជោ ហ៊ុន សែន និងស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុង ដើម្បីបង្ហាញ រំលឹកដល់វីរភាព និងស្នាដៃរបស់វីរជនដែល បានចំណាយសាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសន្តិភាព , បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ , បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត បានកើតចេញលើកដំបូង គឺដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុល ពត “២០ មិថុនា ១៩៧៧” ទើបមានព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សា ឈ្វេងយល់នូវប្រវត្តិសាស្ត្រពិត ៕

