ភ្នំពេញ ៖ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន បានបង្ហាញអំពីការគាំទ្រផងដែរ ចំពោះដំណើរការបោះឆ្នោត នៅកម្ពុជា នៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងជំនួបនេះ លោក HAYASHI Yoshimasa បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ កងទ័ពជើងគោក មកកាន់ទីក្រុងតូក្យូ នាពេលនេះ ដែលជាការបង្ហាញឱ្យឃើញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិល្អ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក បានសម្តែងភាពរីករាយចំពោះការស្វាគមន៍ យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូ កងទ័ពជើងគោកកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៩០ និងការណ៍ដែលជប៉ុនជាប្រទេស ១ ក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចសហប្រត្តិការ ទ្វេភាគីកន្លងមក ជាពិសេសវិស័យយោធា ដែលមានការរីកចម្រើនជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៣មក ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានប្រារព្ធខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយនឹងមានការរៀបចំកម្មវិធីជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក HAYASHI Yoshimasa បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ ប្រកបដោយទស្សនវិស័យផងដែរ។
លោក HAYASHI Yoshimasa ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយ ដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ស័ក្តិសម ជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរ ចំពោះដំណើរការ បោះឆ្នោតនៅកម្ពុជា នៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ។
សូមរំលឹកថា តបតាមការអញ្ជើញ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕