ព័ត៌មានជាតិ

ADB អនុម័តប្រាក់កម្ចី ៩៥លានដុល្លារ ដើម្បីជួយកម្ពុជា ទិញវ៉ាក់សាំងកូវីដ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ចំនួន៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ក្នុងការចាក់វ៉ាក់សាំង ជំរុញប្រចាំឆ្នាំ សម្រាប់អ្នក ដែលបានចាក់រួច និងចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម៥ឆ្នាំ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយ នាថ្ងៃទី១៥ កុម្ភៈ នេះ លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ADB បានថ្លែងថា «គម្រោងនេះ នឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិត ដោយកាត់បន្ថយចំនួនករណី ឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿន នៃការស្តារសេដ្ឋកិច្ច របស់ប្រទេសពីជំងឺរាតត្បាត ។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេស ចំនួន១លានដុល្លារ ដើម្បីជួយកម្ពុជាបង្កើន ប្រសិទ្ធភាព នៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈម ក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ»។

លោកបន្ដថា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ-១៩ ក្នុងឆ្នាំ២០២០ ប៉ុន្តែផ្ទុះការឆ្លងនៅឆ្នាំ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឲ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។

លើសពីនេះទៀត កម្ពុជាបានផ្តល់ចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដល់ប្រជាពលរដ្ឋប្រមាណ៨០% នៃប្រជាពលរដ្ឋសរុប១៦,៧លាននាក់ ចាប់តាំងពីការចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២១។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋ ប្រាំនាក់ ឬ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តីប្រព័ន្ធសុខាភិបាល របស់ប្រទេសនៅតែ ងាយរងគ្រោះ ចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

សូមបញ្ជាក់ថា គម្រោងខាងលើជាការគាំទ្របន្ថែម លើជំនួយទាក់ទងនឹងកូវីដ-១៩កន្លងទៅរបស់ ADB ដល់កម្ពុជា។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ១,៧លានគ្រឿង ដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ៕

To Top