ព័ត៌មានជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ច ៖ ឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា កសាងភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិនានា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម បានថ្លែងថា ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ជាពិសេស ផ្ដោតសំខាន់ លើការកសាងភាពធន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ។

ក្នុងពិធីបើក «ទិវាសប្ដាហ៍គាំពារសង្គម» នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានរំលឹកថា តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ និងក្រោមការដឹកនាំរបស់ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ, ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោក បន្ដថា មិនតែប៉ុណ្ណោះ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយអាចគ្រប់គ្រង បានយ៉ាងល្អនៃការរីករាលដាល ក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញយន្តការ គ្រប់គ្រងច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។

លោក ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែមិនបានបន្ទុចបង្អាក់ ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះថែមទាំងបានជំរុញ ឲ្យរាជរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេស គឺការផ្តោតសំខាន់លើការកសាងភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិនានា»

លោក បន្ថែមថា ជាក់ស្តែង គោលដៅអាទិភាព សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមកម្ពុជា បានកំណត់យ៉ាងច្បាស់នៅក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

សូមបញ្ជាក់ថា ទិវាសប្តាហ៍គាំពារសង្គម ជាទិវាមួយដែលបានប្រារព្ធ ធ្វើឡើងក្នុងប្រទេសជាច្រើនក្នុងសកលលោក ដើម្បីពង្រឹងការយល់ដឹង និងសារៈសំខាន់នៃកម្មវិធី និងគោលនយោបាយគាំពារ សង្គមរបស់ប្រទេសនីមួយៗ ក្នុងការរួមចំណែកលើកកម្ពស់ សុខុមាភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវកម្រិតជីវភាព របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

ប្រទេសកម្ពុជា បានរៀបចំប្រារព្ធ ទិវាសប្តាហ៍គាំពារសង្គម ជាលើកដំបូង ជាមួយនឹងប្រធានបទ «ឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់គ្រប់គ្នា» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការសហប្រជាតិប្រចាំកម្ពុជា។ ការរៀបចំទិវាសប្តាហ៍គាំពារសង្គមរបស់កម្ពុជា នាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងសារៈសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ការផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗ ដែលសម្រេចបាន ព្រមទាំងផ្តល់ឱកាស និងវេទិកាដល់តួអង្គពាក់ព័ន្ធ ពិគ្រោះពិភាក្សាលើការងារជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅកម្ពុជា ទៅមួយកម្រិតទៀត ទាំងក្នុងទិដ្ឋភាពកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស៕

To Top