ព័ត៌មានជាតិ

ប្រទេសបារាំង ផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដល់​អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

ភ្នំពេញ៖ ជាមួយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនិទណ្ឌភាព  ប្រទេសបារាំង បានគាំទ្រការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាប់តាំងពីការបង្កើតតុលាការនេះ នៅឆ្នាំ២០០៦ ហើយនឹងបន្តគាំទ្រដល់បេសកកម្មរបស់តុលាការខ្មែរក្រហមនេះ ក្នុងការស្វែងរកយុត្តិធម៌ និងការពង្រឹងសន្តិភាព និងនីតិរដ្ឋនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ប្រទេសបារាំង បានផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដល់កញ្ចប់ថវិកា ឆ្នាំ២០២២របស់ភាគីអន្តរជាតិនៃ អ.វ.ត.ក​  ដែលធ្វើឱ្យថវិកាសរុបផ្តល់ ដោយប្រទេសបារាំង ទៅ អ.វ.ត.ក មានចំនួន ៦,៩លានអឺរ៉ូ​ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើត។ 

វិភាគទានថ្មីនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតបារាំងក្រោមសហអធិបតីភាពរបស់លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា   និងលោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា។ ប្រទេសបារាំង និងជប៉ុន គឺជាសហប្រធានរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម។ នេះគឺជាកិច្ចប្រជុំលើកទី១របស់ក្រុមមិត្ត សាលាក្តីខ្មែរក្រហម ដែលរៀបចំឡើង ដោយមានការចូលរួមដោយផ្ទាល់ ចាប់តាំងពីការលេចឡើង នូវជំងឺកូវីដ១៩។ កិច្ចប្រជុំនេះ គឺជាឱកាសនៃការពិភាក្សាផ្លាស់ប្តូរយោបល់ រវាងតំណាងការិយាល័យរដ្ឋបាល នៃសាលាក្តីខ្មែរក្រហម និងតំណាងស្ថានទូត ចូលរួមជាច្រើនពាក់ព័ន្ធនឹងសេចក្តីសម្រេចថ្មីៗ និងកាលវិភាគរបស់  អ.វ.ត.ក ក៏ដូចជាផលប៉ះពាល់របស់ជំងឺកូវីដ១៩ លើសកម្មភាពរបស់តុលាការ។ 

ក្នុងពេលដែលអាណត្តិរបស់ អ.វ.ត.ក នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ ជាមួយការចេញសេចក្តីសម្រេចចុងក្រោយរបស់អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០២ ស្តីពី ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ  អ្នកចូលរួមទាំងអស់បានពិចារណាអំពីការបំពេញការងារដែលនៅសេសសល់របស់ អ.វ.ត.ក ។ ការងារនៅសល់រួមមានការថែទាំ ការរក្សាទុក និងការគ្រប់គ្រងបណ្ណសារ ការការពារការចងចាំអំពីភាពសាហាវយង់ឃ្នងដែលត្រូវបានប្រព្រឹត្ត ការពិនិត្យសាលក្រមឡើងវិញ ការ​ការពារជនរងគ្រោះនិងសាក្សី និងការគ្រប់គ្រងការអនុវត្តទោសរបស់ទណ្ឌិត។

នៅក្នុងកិច្ចប្រជុំខាងលើ ឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន កាលពីពេលថ្មីៗនេះនៃកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀង រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង នៅក្នុងរយៈកាលកម្ពុជា ប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ម៉្យាងទៀត ការចងក្រងយុត្តិសាស្រ្ត គឺពិតជាមានសារសំខាន់សម្រាប់ កម្ពុជាក៏ដូចជា សម្រាប់យុត្តាធិការអន្តរជាតិនានា។ ជាការសំខាន់ដែល អ.វ.ត.ក ដែលទទួលឥទ្ធិពលខ្លាំងពីប្រព័ន្ធច្បាប់ Civil Law អាចចែករំលែកសមិទ្ធិផលការងាររបស់ខ្លួន ជាមួយសហគមន៍អន្តរជាតិ ដោយហេតុថា បទពិសោធន៍របស់ អ.វ.ត.ក អាចត្រូវប្រើប្រាស់សម្រាប់​តុលាការព្រហ្មទណ្ឌពិសេសក្រុងបង់ហ្គី (Bangui) ដែលក៏ជាតុលាការចម្រុះមួយ មានសមាសភាព ចូលរួមពីចៅក្រមជាតិ និងចៅក្រមអន្តរជាតិ ហើយក៏ស្ថិតនៅក្នុងប្រទេសប្រើប្រាស់ ភាសាបារាំង ដូចកម្ពុជា ផងដែរ៕

To Top