ព័ត៌មានជាតិ

រដ្ឋបុរសសន្តិភាព សម្ដេចតេជោ បញ្ជាក់ថា ពានរង្វាន់ស៊ុនហាក់ មិនមែនធ្វើសម្រាប់លក់ទេ 

ភ្នំពេញ ៖ ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលថាសម្ដេចយកលុយ ទៅទិញពានរង្វាន់ស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ពានរង្វាន់នេះមិនមែនធ្វើឡើង សម្រាប់លក់ដូរនោះទេ តែផ្ទុយទៅវិញគឺគេបានមើលឃើញតម្លៃ នៃការរកសន្តិភាពបាន ដោយលំបាករបស់កម្ពុជា ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ពានរង្វាន់ស៊ុនហាក់នេះ មិនមែនជារបស់សាធារណរដ្ឋកូរ៉េទេ គ្រាន់តែការផ្ដល់នេះធ្វើនៅកូរ៉េតែប៉ុណ្ណោះ ក៏ប៉ុន្តែជាពានរង្វាន់ របស់ឈ្មោះ ស៊ុនហាក់ ដែលជាសហស្ថាបនិក សហភាពសន្តិភាពសកល (UPS) ។

សម្ដេចបន្តថា ប្រធានគណៈកម្មការវាយតម្លៃបេក្ខភាព សម្រាប់អ្នកត្រូវទទួលពានរង្វាន់ គឺជាអតីតនាយករដ្ឋមន្ត្រីប៉ទុយហ្កាល់ ហើយក៏ជាអតីតប្រធានស្នងការអឺរ៉ុប ។ បានសេចក្ដីថា មិនមែនអង្គការហ្នឹងតែម្នាក់ឯក ជាអ្នកផ្ដល់ទេ គឺមានគណៈកម្មការជាច្រើនផ្សេងទៀត ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ចឹងសូមបញ្ជាក់ជូនអំពីចំណុចនេះ អ្នកខ្លះគេថា ខ្ញុំយកលុយទៅទិញទៅទៀត ឱព្រះអើយព្រះ ខ្ញុំអត់មានការចាំបាច់ ទៅពាក់អាមេដាយហ្នឹងធ្វើអី ខ្ញុំមានលុយឯណាទៅទិញ ហើយម្យ៉ាងទៀតអ្នកទាំងអស់នោះ មិនមែនធ្វើអាហ្នឹង (ពានរង្វាន់ស៊ុនហាក់) សម្រាប់លក់ទេ ប៉ុន្តែគេមើលឃើញតម្លៃនៃការ រកសន្តិភាពបានដោយលំបាក ដែលយើងរកនៅកម្ពុជា» ។

សម្ដេចតេជោបន្ថែមថា ខាងសហភាពសន្តិភាពសកល (UPS) បានអញ្ជើញសម្ដេចធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលស្ដីពីឧបទ្វីបកូរ៉េ ។ ចំណែកសហប្រធានមួយទៀត គឺលោក បាន គីមូន ។ សម្ដេចថា ប៉ុន្តែលិខិតអញ្ជើញសម្រាប់បណ្ដាប្រទេសចូលរួម គឺអញ្ជើញដោយហត្ថលេខាសម្ដេច និងលោក បាន គីមូនដែលបានអញ្ជើញ១៥៧ប្រទេសឲ្យចូលរួម ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី  សម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាក់ ហើយសម្ដេចក៏បានអញ្ជើញទៅទទួលពានរង្វាន់នេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង ៕

To Top