ភ្នំពេញ ៖ ខណៈយុទ្ធនាការ ឃោសនាបោះឆ្នោត និង ការបោះឆ្នោតឃុំ-សង្កាត់ កាន់តែឈានខិតចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិ ដល់ការធ្វើសកម្មភាព និងធានាឲ្យបាននូវសុវត្ថិភាព របស់បណ្ដាបក្សនយោបាយនានា ក្នុងការជួបជុំសមាជិកសមាជិការ ក៏ដូចជាការលើកស្លាកគណបក្ស នយោបាយ នៅតាមមូលដ្ឋាន ដើម្បីបញ្ជៀសអំពើហិង្សាណាមួយ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ។
ការចេញបទបញ្ជាពីសំណាក់នាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាចបែបនេះ ដើម្បីធានាកុំឲ្យមានការបោះឆ្នោតមួយ ញាំញីដោយអំពើហិង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់។
ថ្លែងចេញពីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំសុំអំពាវនាវឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិឲ្យគ្រប់គណបក្ស នយោបាយ ដែលនឹងត្រូវចូលរួមការបោះឆ្នោត នៅពេលខាងមុខនេះ ទទួលបាននូវឱកាស សម្រាប់ការជួបជុំ ការរៀបចំចុះទៅជួបប្រជាជន ដែលជាសមាជិក សមាជិការបស់ពួកគេ ដោយគ្មានការរំខាន ណាមួយពីមូលដ្ឋាន ហើយយើងត្រូវខិតខំជួយការពារ សុវត្ថិភាព នៃបណ្ដាបក្សនយោបាយ នេះឲ្យបាន»។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានក្រើនរំលឹកដល់អាជ្ញាធរថា មិនមែនមានតែបក្ស កាន់អំណាចតែមួយទេ ដែលមានសិទ្ធិលើស្លាកនោះ បក្សដទៃទៀតក៏មានសិទ្ធិលើកស្លាក ដូចបក្សកាន់អំណាចដែរ។
សម្ដេចបញ្ចាក់ថា «កន្លែងនឹងយើងអាចប្រជុំបាន ជាទីធ្លាសាធារណៈ គណបក្សដទៃក៏អាចប្រជុំបានដែរ »។
សម្ដេចតេជោសង្កត់ធ្ងន់ថា «កុំឲ្យមានការបោះឆ្នោតមួយ ញាំញីដោយអំពើហិង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់។ នៅរយៈកាលចុងក្រោយនេះ យើងគ្មានករណីមនុស្សស្លាប់ និងរបួស ដោយសារការបោះឆ្នោតនោះទេ »។
សម្ដេចរំលឹកថា នៅក្នុងជំនាន់អ៊ុនតាក់ និងក្រោយៗមកក៏នៅមាន ប៉ុន្តែចាប់ពីឆ្នាំ២០០៣មក កម្ពុជាមិនមានអ្នកស្លាប់ ឬរបួស ដោយសារការបោះឆ្នោតនោះទៀតទេ ។
ដោយឡែក សម្រាប់គណបក្សនយោបាយ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំថា ក៏ត្រូវតែគោរពនូវបែបបទដែលមានចែងនៅ គ.ជ.ប ជាធរមាន។
សម្ដេចគូសបញ្ជាក់ថា «ប៉ុន្តែត្រូវចាំឲ្យច្បាស់ គណបក្សនយោបាយដែលទទួលស្គាល់តាមផ្លូវច្បាប់ មានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តែប៉ុណ្ណឹងទេ អារាត់អារាយមកពីកន្លែងណា នោះគឺជារឿងមួយផ្សេងទៀត (មិនស្របច្បាប់)»។
ការចេញបទបញ្ជានេះ ត្រូវបានសម្ដេចតេជោ អះអាងថា ធ្វើយ៉ាងនេះគឺនឹងអាចដំណើរការទៅមុខ ក្នុងការបើកលំហរប្រជាធិបតេយ្យនៅកម្ពុជា ដោយមានបក្សថ្មីៗ បានបង្កើតជាច្រើន ហើយមានខ្លះក៏កំពុងត្រៀមរៀបចំដើម្បី បង្កើតនូវការចងសម្ព័ន្ធភាពបក្ស ។
សូមរំលឹកថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ដោយឡែកសម្រាប់ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានថ្លែងថា គ.ជ.ប ត្រៀមខ្លួន និងរៀបចំរួចជា ស្រេចនូវផែនការមេ ដើម្បីធានាឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕