ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ព្រះពុទ្ធសាសនា មិនត្រឹមតែឲ្យប្រជាពលរដ្ឋ រស់ជាមួយគ្នា ដោយសុខសាន្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម និងអភិវឌ្ឍគ្រប់វិស័យ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន សូមអនុមោទនា បុណ្យមាឃបូជា ដែលជាពិធីបុណ្យមួយ ដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
សម្ដេចបន្ដថា បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
សម្ដេច មានប្រសាសន៍ថា «ព្រះពុទ្ធសាសនាមិនត្រឹមតែ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង ។ សូមប្រគេនពរ ដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូន ជនរួមជាតិជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា» ៕