ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួន រួចជាស្រេច ក្នុងការស្វាគមន៍ និងសម្រួលដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ និងលោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញចូលរួមជាអធិបតី ក្នុងជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជា និងហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ច ប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”។
ក្នុងជំនួបធុរកិច្ចនេះលោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ចនិងវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជន និងវិនិយោគិន នៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពល ពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅប្រទេស ទាំងពីរ និងដើម្បីសម្រេចបាន នូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយ បរិយាប័ន្ននិងចីរភាព ដោយបានផ្តោតសំខាន់លើ វិស័យសក្តានុពលចំនួន ៦រួមមាន៖ (១)កសិកម្មនិងផលិតផលកសិកម្ម (២) បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន (៣) ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ (៤) សេវាកម្មទេសចរណ៍ (៥) ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង(៦) ផលិតផលកម្មន្តសាល ។ ក្នុងជំនួបនេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពី ច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំង ចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជន នៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុន សក្តានុពលនាំចេញរវាងកម្ពុជា និងហុងគ្រីនិងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញ ដល់ការតភ្ជាប់ធុរកិច្ច រវាងប្រទេសទំាងពីរ ឲ្យកាន់តែប្រសើរ។
វេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីនេះ បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសដ៏ស្និទ្ធិស្នាល និងទទួលលទ្ធផលប្រកប ដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ៕