ព័ត៌មានជាតិ

លោក សុខ ទូច ប្រតិកម្មខ្លាំងៗ ទៅនឹងការលើកឡើង របស់លោក គឹម ហ៊ាង ពាក់ព័ន្ធវប្បធម៌

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការប្រតិកម្មខ្លាំងៗ ទៅនឹងការលើកឡើង របស់ លោក គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានរិះគន់ លើការកំណត់កំពស់ នៃការសាងសង់ និងការអភិរក្សវប្បធម៌ខ្មែរ។

តាមរយៈវីដេអូជិត៤នាទី លោក គឹម ហ៊ាង បានអះអាងថា ចំណុចខ្សោយ របស់ខេត្តសៀមរាប គឺបណ្ដាលមកពីការកំណត់កំពស់ នៃការសាងសង់ និងការអភិរក្សវប្បធម៍ច្រើន ។

ផ្សារភ្ជាប់ទៅនឹងវីដេអូ អត្ថាធិប្បាយរយៈពេលជិត៤នាទី របស់លោក គឹម ហ៊ាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សុខ ទូច បានចោទសួរថា តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា?

លោក សុច ទូច បន្ថែមថា គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំបានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃ ដ៏មហាអស្ចារ្យ ដល់កូនខ្មែរជំនាន់ក្រោយ។

លោក សុខ ទូច លើកឡើងថា «អ្នកមើលទៅប្រទេសរុស្ស៊ី នៅសាំងពីជូប៊ូក (saint petersburg) គឺគេកំណត់ការសាងសង់ បើចង់សាងសង់ខ្ពស់ អាចទៅម៉ូស្គូបាន។ អ្នកអាចមើលទីក្រុងវ៉ាស៊ីងតោន មិនអាចសង់កម្ពស់លើស ពីសេតវិមាន (White House) បានទេ។ ប្រសិនបើចង់សង់ខ្ពស់ ត្រូវទៅទីក្រុងញូវយ៉ក»។

លោក សុខ ទូច បញ្ជាក់ថា «តើនៅកម្ពុជាមានមនុស្សបែបនេះ ប៉ុន្មាននាក់? នៅខ្មែរមិនខ្វះទេ កន្លែងសាងសង់ខ្ពស់ ដើរចេញពីខេត្តសៀមរាប គេអាចសាងសង់ប៉ុន្មានពាន់ជាន់ នៅខេត្តណាក៏បានដែរ ដោយកម្ពុជា មាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ»៕

To Top