ភ្នំពេញ ៖ លោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយលោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោកKISHI Nobuo ពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកអគ្គមេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន និងលោកមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដោយបានស្នើសុំការគាំទ្របន្តលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឲ្យទំនាក់ទំនងនេះបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ។
ជាការឆ្លើយតប លោក KISHI Nobuo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនង ជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រ លើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួន ដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមសម្តែង ការអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួម ក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទី ជាប្រធានអាស៊ានផងដែរ។
ក្នុងស្មារតីនេះ លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅ សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត យ៉ាងពិតប្រាកដ។
សូមរំលឹកថា តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៤-១៧ កុម្ភៈ ស្របពេលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕