ភ្នំពេញ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ចខិតខំប្រឹងប្រែង បែបវិជ្ជមានបំផុត ក្នុងការដោះស្រាយស្ថានការណ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។
ការលើកឡើងពីសំណាក់នាយករដ្ឋមន្រ្តីជប៉ុនបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ ២០២២ ។
ក្នុងជំនួបនេះឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា លោកពិតជាចង់ផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អ និង កាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញថា កាលពីដើមសប្តាហ៍នេះ លោកបានជួបជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន គឺលោក Yoshimasa Hayashi ដែលក្នុងជំនួបនោះ ក្រសួងការបរទេសជប៉ុន បាននិយាយថា អំឡុងពេល នៃកិច្ចពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ លោក Hayashi បានស្វាគមន៍នូវចំណុចជាច្រើន ដែលលោកបានពិពណ៌នា ស្តីពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសជប៉ុននិងកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការ និង ខិតខំប្រឹងយ៉ាងយកចិត្តទុកដាក់ រវាងប្រទេសយើងទាំងពីរ លើស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាក្នុងតំបន់ផ្សេងៗទៀត។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ជប៉ុន ក៏បានបញ្ជាក់បន្ថែមថា កម្ពុជា-ជប៉ុន បានយល់ព្រមសហការគ្នា ក្នុងការដោះស្រាយស្ថានការ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា នៅដើមខែ មករាឆ្នាំ២០២២ កន្លងទៅនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានធ្វើអមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងពីប្រទេសនេះ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយកងកម្លាំងយោធារយៈពេល១ឆ្នាំកន្លងមក ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ កម្ពុជាគឺទទួលបន្ទុកធ្វើជាប្រធានអាស៊ាន ហើយបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែនបាននឹងកំពុងដឹកនាំ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ដែលជារដ្ឋសមាជិកទាំងអស់ ដើម្បីបន្ធូរបន្ថយវិបត្តិ ក្នុងប្រទេសមីយ៉ាន់ម៉ា។
នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសជប៉ុននឹងបានសហការ ជាមួយកម្ពុជា ក្នុងការសម្រេចឲ្យបាននូវកិច្ចការ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបែបសេរីនិងបើកចំហ ដើម្បីភាពសុខដុមនីយកម្ម និងទទួលបានសន្តិភាព ពិតប្រាកដសម្រាប់ប្រជាជន យើងទាំងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់ផងដែរ៕