ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាដល់ស្ដ្រីមានផ្ទៃពោះទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឱ្យបានទៀងទាត់ ដើម្បីទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ជាដើម។
តាមសារលិខិតរបស់ កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ កុម្ភៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា «សូមស្រ្តីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្តាយទៅកូន»។
សម្ដេច បន្ដថា ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឬឆ្មបជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
សម្ដេច បន្ថែមថា ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ សម្ដេច ថា ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
សម្ដេច បញ្ជាក់ថា «សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្ដាយ និងទារក។ សូមឱ្យស្រ្តីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារ ៣ការពារ ៣កុំ និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្តល់សេវាទាំងអស់ រួមទាំងសាខា អនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ត្រូវចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព៕