ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀន ជាបណ្ដោះអាសន្ន ១សប្ដាហ៍យ៉ាងតិច ក្នុងករណីរកឃើញថា គ្រូបង្រៀន ឬសិស្សានុសិស្ស ឆ្លងជំងឺកូវីដ-១៩ ហើយជំនួសមកវិញ បង្រៀនតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ជាពិសេសប្រភេទអូមីក្រុង ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នាថ្ងៃទី១៨ កុម្ភៈ បានឲ្យដឹងថា គ្រឹះស្ថានសិក្សា ដែលមានសិស្សច្រើន ត្រូវរិះរកវិធានការ កាត់បន្ថយចំនួនសិស្សមកសាលារៀន ដោយផ្ទាល់ ដោយត្រូវរៀបចំការរៀនឆ្លាស់វេន (ឧទាហរណ៍មួយសប្ដាហ៍សិស្សត្រូវមកថ្នាក់រៀន និងមួយសប្ដាហ៍ទៀតសិស្សត្រូវរៀនតាមអនឡាញ ឬរៀនពីចម្ងាយ)។
ក្រសួង បន្ដថា គ្រឹះស្ថានសិក្សា ត្រូវរិះរកវិធានការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់រៀន ដើម្បីរក្សាគម្លាតសុវត្ថិភាព និងលើកកម្ពស់អនាម័យ និងបរិយាកាសល្អនៅក្នុងបន្ទប់រៀន។ គ្រឹះស្ថានសិក្សា ត្រូវរៀបចំការបង្រៀន និងរៀនតាមកម្មវិធីសិក្សាបង្រួញ ដោយគ្រូបង្រៀនត្រូវសង្ខេបមេរៀន និងបង្រៀនមុខវិជ្ជាសំខាន់ៗ។ ចំពោះមេរៀន និងមុខវិជ្ជាផ្សេងទៀត គ្រូបង្រៀនត្រូវណែនាំសិស្សឲ្យរៀនដោយខ្លួនឯង តាមរយៈការប្រើប្រាស់សម្ភារៈសិក្សា ឬសន្លឹកមេរៀន ដែលមានស្រាប់ ការសិក្សាក្នុងបណ្ណាល័យ និងការយកឯកសារទៅរៀននៅផ្ទះ។
ក្រសួង បានបញ្ជាក់ថា «គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន (រយៈពេល ១សប្តាហ៍ យ៉ាងតិច) ក្នុងករណីរកឃើញថា មានគ្រូបង្រៀន ឬសិស្សឆ្លងជំងឺកូវីដ-១៩ ហើយត្រូវជំនួសមកវិញ ដោយការបង្រៀនតាមអនឡាញ ឬការបង្រៀនពីចម្ងាយ ដោយប្រើវីដេអូឃ្លីប សន្លឹកកិច្ចការ ការបង្រៀន និងរៀនជាបណ្តុំ និងស្វ័យសិក្សា ជាដើម»។
ក្រសួង បន្ថែមថា គ្រឹះស្ថានសិក្សា និងគ្រូបង្រៀនទាំងអស់ ត្រូវតែមានការកត់ត្រា និងវាយតម្លៃលទ្ធផលសិក្សារបស់ សិស្សឲ្យបានត្រឹមត្រូវ ដើម្បីជាមូលដ្ឋានក្នុងការវិនិច្ឆ័យ និងសម្រេចចិត្ត តាមដំណាក់កាល និងបញ្ចប់ឆ្នាំសិក្សា។
លើសពីនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា ក៏បានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ ត្រូវស្រង់ស្ថិតិសិស្សានុសិស្ស ដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំងនូវដូសមូលដ្ឋាន (ដូសទី១ និងទី២) និងដូសជំរុញ (ដូសទី៣) រួចបញ្ចូនទៅគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ដើម្បីធ្វើការបូកសរុប៕