ព័ត៌មានជាតិ

សម្ដេចតេជោ ដាក់បទបញ្ជាឱ្យបង្ក្រាប ការនាំចូល និងលួចកែច្នៃផលិតសារធាតុញៀន

ភ្នំពេញ ៖ ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបង្កើនសកម្មភាពស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីបង្ក្រាបឲ្យបានការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងលួចកែច្នៃផលិតសារធាតុញៀន។

យោងតាមផែនការរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «បង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យបាននូវការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងការលួចលាក់កែច្នៃ ផលិតសារធាតុញៀន ដោយត្រូវ ជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដើរទន្ទឹមនឹងវិធានការច្បាប់ គ្មានការយោគយល់ និងលើកលែង សំដៅបង្រួមទីផ្សារជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយត្រូវកំណត់ឲ្យបានជាក់លាក់នូវភូមិសាស្ត្រ និងគោលដៅអាទិភាព បម្រើឲ្យប្រតិបត្តិការជំនាញ»។

សម្ដេចតេជោ បន្ដថា អាជ្ញាធរខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចដឹកជញ្ជូនគ្រឿងញៀនចេញ-ចូលឆ្លងកាត់ព្រំដែន ទាំងច្រកផ្លូវគោក ផ្លូវទឹក (រួមទាំងលំហសមុទ្រ) ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។ ជាពិសេសខិតខំលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យដល់ឫសគល់ និងតស៊ូស្វែងរកឲ្យឃើញទីតាំងលួចលាក់ដាំដុះ ផលិត កែច្នៃផលិតសារធាតុញៀននៅក្នុងប្រទេស។

សម្ដេចតេជោ បន្ថែមថា ជំរុញយន្តការដែលមានស្រាប់ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់មុនពេលផ្ដល់អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យបើកអាជីវកម្មរោងចក្រ សហគ្រាសដែលពាក់ព័ន្ធដល់ការប្រើប្រាស់សារធាតុគីមី ព្រមទាំងធ្វើការត្រួត ជាប្រចាំនូវដំណើរការអាជីវកម្មរបស់រោងចក្រ សហគ្រាសទាំងនោះ ព្រមទាំងមានវិធានការគ្រប់គ្រងការនាំចូល ការធ្វើសន្និធិ ការចែកចាយ និងប្រើប្រាស់រាល់សារធាតុគីមី ដើម្បីម្ចាស់ការចាត់វិធានការចំពោះសកម្មភាពលួច បង្វែរសារធាតុគីមីយកទៅកែច្នៃ ផលិតជាសារធាតុញៀនខុសច្បាប់។

សម្ដេចតេជោ បញ្ជាក់ថា ពន្លឿនរាល់នីតិវិធីក្នុងការចាត់ចែងវត្ថុតាំង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានរឹបអូស និងបង្កក ដើម្បីយកមកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ទន្ទឹមគ្នា នេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត រកឲ្យឃើញ និងរឹបអូសនូវហិរញ្ញប្បទានពាក់ព័ន្ធ បទល្មើសគ្រឿងញៀន សំដៅរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សូមរំលឹកថា យុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ ឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩.៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤.៩២០គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះបទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី (មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)៕

To Top