ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអះអាងថា -ការចែកផ្លូវគ្នា រវាងអតីតមេដឹកនាំបក្សប្រឆាំង មិនមែនសុទ្ធតែខុសនិងខាតទេ តែវាបានបង្ហាញឱ្យពួកគេ នូវបទពិសោធន៏នយោបាយ ដែលពួកគេជឿលើបរទេស ទាំងប្រថុយប្រថាន។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពី អតីតមេបក្សប្រឆាំងពីររូប គឺលោក កឹម សុខា និងលោក សម រង្ស៊ី មួយរយៈចុងក្រោយនេះ បានបង្ហាញនូវភាពប្រេះឆា តាមរយៈការចេញមកបង្កើតគណបក្ស ភ្លើងទៀន ដែលមានដើមកំណើត មកពីគណបក្ស សម រង្ស៊ី ពីសំណាក់អតីមន្រ្តីគណបក្សសង្គ្រោះជាតិ ហើយត្រូវបានភាគីក្រុមលោក កឹម សុខា ចេញមករិះគន់ចំៗ ទៅនឹងការលើកឡើងថា «សម រង្ស៊ី ក្បត់ កឹម សុខា»។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «ព្រហ្មលិខិតនយោបាយបានកំណត់ជោគវាសនាត្រឹមនេះឯង ក៏ត្រូវដើរដល់ផ្លូវបំបែក។ មួយបកទៅរក ភ្លើងទៀន មួយបែរទៅរកសិទ្ធិមនុស្ស។ ប៉ុន្តែមិនមានន័យថា រឿងរ៉ាវសុទ្ធតែអាក្រក់នោះទេ»។
ក្នុងនោះលោក សយ សុភាព បានលើកឡើងនូវអំណះអំណាងចំនួន ៦ចំណុចរួមមាន៖
១- បរាជ័យក្រុមភ្នែក៥
២-អ្នកនយោបាយខ្មែរភ្ញាក់ខ្លួន ឈប់ចាញ់បោកនិង លង់ចូលទៅក្នុងភូមិសាស្ត្រនយោបាយ បំរើឱ្យបរទេស ដោយមិនដឹងខ្លួន។
៣-ការចែកផ្លូវគ្នា រវាងអតីតមេដឹកនាំបក្សប្រឆាំង មិនមែនសុទ្ធតែខុសនិងខាតទេ តែវាបានបង្ហាញឱ្យពួកគេ នូវបទពិសោធន៏នយោបាយ ដែលពួកគេជឿលើបរទេស ទាំងប្រថុយប្រថាន។ នៅពេលជួបឧបសគ្គទើបបានដឹង ហើយក៏ហួសពេលដែរ។ តែពេលនេះពួកគេ បានដើររកគន្លង ប្រជាធិបតេយ្យរបៀបខ្មែរហើយ។
៤-លោក កឹម សុខា អាចនៅពីក្រោយបក្សសិទ្ធមនុស្ស ដែលលោកជាអ្នកបង្កើត ឬថា អាចក្លាយជាមេបក្សនេះវិញ ប្រសិនបើឆ្លងកាត់វិញ្ញាសារ ផុតតាមតុលាការ។ ដូច្នេះការបោះឆ្នោត នាពេលខាងមុខពិតណាស់ និងស្ថិតលើថេរវិថីគន្លង ប្រជាធិបតេយ្យបែបខ្មែរ។
៥-កុំជឿឱ្យសោះ ថាមានគណបក្ស៦រួបរួមគ្នា មុនការបោះឆ្នោតមកដល់។
៦-សូមប្រកាន់ខ្ជាប់ ប្រជាធិបតេយ្យបែបខ្មែរ ជៀសឱ្យឆ្ងាយពីក្រុមភ្នែក៥ ដែលខ្ចីដៃអស់លោក វាយចិននៅលើដីខ្មែរ តែកសាងមិត្ត ដែលចង់ជួយខ្មែរពិតប្រាកដ។
ខ្មែរធ្លាប់ជួយគេច្រើនណាស់ ខ្មែរមិនដែល ភ្លេចគុណបំណាច់ទេ។ សូមអានប្រវត្តិសាស្ត្រជាតិខ្លួន កុំម៉ាត់ណា អាមេរិកពេកឬបរទេសពេក។