ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូច អន្តរាគមន៍លេខ៦

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃ កង យោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូច អន្តរាគមន៍លេខ៦ ឧត្តរមានជ័យ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សូមចូលរួមអបអរសាទរ ចំពោះការរីកចម្រើនជាលំដាប់របស់កងពលតូច អន្តរាគមន៍លេខ៦ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណា ឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវ បានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្តែងក្នុងថ្ងៃនេះ មានការសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារ និង សមិទ្ធផល នានា សរុប ៣៦ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ ចំពោះ សុខ ទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជា ការដោះស្រាយ រាល់ការលំបាកផ្សេងៗ តាមគ្រប់បណ្តាស្ថាប័ន-កង ឯកភាពជួរមុខទូទាំងប្រទេស។

លោក សូមកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន- កងឯកភាពចំណុះផ្សេងទៀត ដែលកន្លងមក បានយកចិត្តទុកដាក់ ប្រមូលផ្តុំអនុវត្តភារកិច្ច សម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរ ជាច្រើនគួរជាទីមោទនៈ ដោយ ធានាបាននូវការពង្រឹង ប្រៀបការពារជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និង ការបំពេញកិច្ចសហការ ជាមួយអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បាន ល្អ ប្រសើរ ជូន ប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានា នៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ។

លោក ក៏សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ក៏ដូចជាប្រជាជនក្នុងខេត្តឧត្តរមានជ័យ និងនៅទូទាំងប្រទេស ចំពោះការបាត់បង់សាច់ញាតិ មិត្តភក្តិ ដោយសារជំងឺរាតត្បាតដ៏កាច សាហាវ កូវីដ-១៩ និងសូមបួងសួងឱ្យវិញាណក្ខន្ធរបស់ពួកគាត់បានទៅដល់សុគតិភព។ សូមបញ្ជាក់ផងដែរថា បើគ្មានការសម្រចចិត្តត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ គឺដូចដែលអ្វីដែល សម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដ៏រង្គាលនៃរបបប៉ុលពត។ ទាំងនេះ គឺជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏ សម្តេច អាចគ្រប់គ្រងស្ថានការណ៍ ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយ ការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនិងនេះ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួ្មមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នា ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ ដែលកើតមាន។

លោក បន្ថែមថា សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពី សភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ ជំនាញ។ ទន្ទឹម នឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹង ខឿន ការពារ ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត ឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្ម គ្រប់យ៉ាងដើម្បីជាតិមាតុភូមិ៕

To Top