ព័ត៌មានជាតិ

ទំនាស់ពាក្យសំដីបន្តិចបន្តូច ក្នុងវង់ផឹកស៊ី ទាញកំបិតផ្គាក់ កាប់គូទំនាស់រងរបួសធ្ងន់

ពោធិសាត់៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយបានកើតឡើង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដៃគូទំនាស់បានទាញកំាបិតផ្គាក់​ កាប់មកលើជនរងគ្រោះ បណ្តាលអោយរបួសធ្ងន់ ត្រូវបញ្ចូលទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗ ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកវាលវែង បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះពៅ កុសល ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់។ នៅក្នុងជំនួបផឹកស៊ី ជាមួយគ្នា គ្រាន់តែទាស់សំដីបន្តិចបន្តួច ជនសង្ស័យបានយកកាំបិតផ្គាក់ មកកាប់លើជនរងគ្រោះ ឈ្មោះកុត សុខ ភេទប្រុសអាយុ ២៤ ឆ្នាំរស់នៅភូមិចំការចេក ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលអោយ រងរបួសធ្ងន់។

របាយការណ៍ដដែលក៏បានអោយដឹងទៀតថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕

To Top