ភ្នំពេញ: ប្រុសកំណាចម្នាក់ កាលពីរសៀលថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចោទប្រកាន់ ពីបទ: ឃាតកម្ម ហើយចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនខ្លួន ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បី ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ ពាក់ព័ន្ធនឹងការចាក់សម្លាប់ប្រពន្ធរបស់គាត់ ដោយស្នេហា ប្រច័ណ្ឌ និង ចោទប្រកាន់នាង លួចមានប្រុសថ្មី ក្បត់ចិត្តនឹងស្វាមី ប្រព្រឹត្ត ភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ អ៉ី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុសស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចំណែឯ ជនរងគ្រោះឈ្មោះ សុខ ចរិយា អាយុ ៣០ឆ្នាំ ( ត្រូវជាប្រពន្ធជនដៃដល់) រស់នៅភូមិភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឃាតកម្ម តាមបញ្ញត្តិ មាត្រា ១៩៩ និង ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីគាត់ បានចាក់សម្រាប់ ជនរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់គាត់ ៕ ដោយ: លីហ្សា