ព័ត៌មានជាតិ

ឆ្នាំ២០២១ ច្រកចេញ-ចូលតែមួយ ផ្ដល់សេវាជូនពលរដ្ឋ ជាង៤សែន និងទទួលចំណូល ជាង២១លានដុល្លារ

ភ្នំពេញ៖ លោក ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២១ អង្គភាពច្រកចេញ-ចូលតែមួយ ទាំង២៥រាជធានី-ខេត្ត បានផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ចំនួន៤៤២.១០៨សេវា ដោយទទួលចំណូល ចំនួន ២១.៥០៤.៦៤៤ដុល្លារ។

ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ោ ភក្តិ បានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់ការិយាល័យច្រកចេញ-ចូលតែមួយ ក្រុង-ស្រុក-ខណ្ឌ និងលើកកម្ពស់ ការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើ ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពី គោលការណ៍ បែបបទ និងនីតិវិធីផ្ដល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញ-ចូល តែមួយនៃរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ និងដាក់ចេញសៀវភៅណែនាំស្ដីពី គោលការណ៍ និងនីតិវិធីដល់រដ្ឋបាល តាមការិយាល័យច្រកចេញ-ចូល តែមួយនៃរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ។

លោកបញ្ជាក់ថា «ក្នុងឆ្នាំ២០២១ អង្គភាពច្រកចេញ-ចូលតែមួយទាំង ២៥រាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបានចំនួន ៤៤២.១០៨សេវា លើ ១៤វិស័យ រកប្រាក់ចំណូល ចំនួន ៨៦.០១៨ .៥៧៨.៥៧៦.០៨២ រៀល សមមូល ២១.៥០៤. ៦៤៤ដុល្លារ»។

លោកបន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយ ក្រុង- ស្រុក-ខណ្ឌ ២០៤ គោលដៅ បានផ្តល់សេវារដ្ឋបាលចំនួន ៧៥០.៨៦៩សេវា លើ ១៤វិស័យ និងទទួលបានប្រាក់ចំនួន ១៥.៣២៧.២០២.២៨៥រៀល សមមូល ៣.៨៣១.៨០០ដុល្លារ។

លើសពីនេះទៀត លោក ប៉ោ ភក្តិ បានលើកឡើងថា ក្នុងឆ្នាំ២០២១ ការិយាល័យប្រជាពលរដ្ឋ ខេត្តទាំង ២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេងចំនួន ១៤១៧ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី (បញ្ចប់ដោយការដោះស្រាយចំនួន ៧៧៩) បណ្តឹងក្រៅសមត្ថកិច្ច ២៧០ករណី និងព័ត៌មានផ្សេង៣៣ករណី។

ដោយឡែក ការិយាល័យប្រជាពលរដ្ឋ ក្រុង-ស្រុក-ខណ្ឌ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១១.៩០៩ ករណី ក្នុងនោះ បណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី (បញ្ចប់ដោយការដោះស្រាយបាន ២៨៦ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណីនិ ងព័ត៌មានផ្សេងៗ ១១.៣៨៦ករណី ៕

To Top