នយោបាយ

សម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកវិភាគ ឲ្យឈប់បំភ័ន្តសភាពការណ៍ លើបញ្ហាកំពង់ផែ ខេត្តព្រះសីហនុ ថាជាអន្ទាក់បំណុលចិន (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំទៅកាន់ក្រុមអ្នកវិភាគឬអ្នកប្រឆាំងមួយចំនួនដែលតែងតែនិយាយបកស្រាយ លើបញ្ហាកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ថាជាអន្ទាក់បំណុលចិននោះឲ្យឈប់បំភ័ន្តសភាពការណ៍ ខណៈកំពង់ផែនេះ គឺត្រូវបានរាប់រងនិងទទួលខុសត្រូវ ក្នុងការជួយទំនុកបំរុងពីរដ្ឋាភិបាលជប៉ុន។

នេះមិនមែនជាលើកទី១ នោះទេ ដែលរដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ចេញមុខស្រាយទៅនឹងការលើកឡើង បែបវាយប្រហារ ពីសំណាក្រុមប្រឆាំង និងប្រទេសជាគូប្រកួតប្រជែង យុទ្ធសាស្រ្ត ជាមួយចិន នៅលើទឹកដីនៃឆ្នេរសមុទ្រ កម្ពុជា។

ថ្លែងនៅក្នុងកម្មពិធី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកសរសើរពីការផ្តល់ជំនួយរបស់ជប៉ុន ក៏ដូចជាការប្រឹងប្រែងទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ។ ចំពោះកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុវិញ ត្រូវបានសម្ដេចតេជោ អះអាងថា ត្រូវបានរាប់រងនិងទទួលខុសត្រូវ ក្នុងការជួយទំនុកបំរុងពីរដ្ឋាភិបាលជប៉ុនទេ មិនមែនពីចិនឡើយ ដូច្នេះអ្នកចោទថា កំពង់ផែព្រះសីហនុជាអន្ទាក់បំណុលរបស់ចិននោះគឺខុសស្រឡះហើយ ។

សម្ដេចតេជោបញ្ជាក់ថា «អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិន លើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹងកំពង់ផែ នៅស្រីលង្ការ វាមិនមែនជាការពិត ព្រោះកំពង់ផែទឹកជ្រៅ ដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ គឺត្រូវរាប់រងទទួល ដោយប្រាក់កម្ចីនិងជំនួយពីប្រទេសជប៉ុន ឯណោះវិញនោះទេ »។

ជុំវិញបញ្ហានេះ សម្ដេចតេជោ បានលើកឡើងចោទជាសំនួរថា ជប៉ុនអ្នកធ្វើ ជប៉ុនអ្នកជួយ ហេតុអ្វីទៅជាអន្ទាក់បំណុលរបស់ចិន? ។

សម្ដេចតេជោសង្កត់ធ្ងន់ថា «ចឹងទេសូមពួកអ្នកវិភាគ មួយចំនួនដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្តសភាពការណ៍ ព្រោះកំពង់ផែដែលកំពុងធ្វើប្រតិបត្តិការ នាវាចេញចូលនេះ កំពុងតែមានការចូលរួមចំណែកការកសាងអ្វីៗ គឺតាមរយៈជប៉ុន ហើយជប៉ុនក៏មានទិញភាគហ៊ុន នៅក្នុងនឹងផងដែរ»។

ត្រង់ចំណុច នៃការមូលបង្កាច់លើបញ្ហាកំពង់ផែ ខេត្តព្រះសីហនុនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកក្រុមអ្នកវិភាគ ដែលបំភ័ន្តស្ថានការណ៍នេះ ថាលើសពីសត្វតិរច្ឆាន ដែលភ្លេចសំបុកទៀត។

សូមបញ្ជាក់ថា កំពង់ផែនៅខេត្តព្រះសីហនុនេះ សម្រាប់ជំហានទី១ ជប៉ុនបានផ្ដល់កម្ចីជាង២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២។ ក្រោយជំហានទី ១ (ជម្រៅ ១៤,៥ម៉ែត្រ) នឹងត្រូវសាងសង់ឲ្យរួចនៅឆ្នាំ២០២៥ ។ ម្យ៉ាងទៀតកំពង់ផែមួយនេះ នឹងជួយធានាបានដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ដែលមានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

To Top