ព័ត៌មានជាតិ

សមាគមវិនិយោគិនកម្ពុជា ប្តេជ្ញាជំរុញឲ្យ សមាជិក-សមាជិកា​ ក្លាយជាកម្លាំងស្នូល និងជាចលករដ៏មានអនុភាព សមស្របជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម​ សហព័ន្ធវិនិយោគិនកម្ពុជា ប្តេជ្ញាខិតខំជម្រុញ ឲ្យសមាជិក-សមាជិកា ក្លាយជាកម្លាំងស្នូរ និងជាចលករមួយដ៏មានអនុភាព សមស្របទៅនឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ តាមរយៈការខិតខំអភិវឌ្ឍន៍​វិនិយោគិនកម្ពុជា ឲ្យមានទាំងចំណេះដឹងវិជ្ជាជីវៈ បូករួមនឹងក្រមសិល្បធម៌ ។

ក្នុងពិធីប្រកាសយល់ព្រម​ បញ្ចូលសមាជិកសកម្ម នៃសមាគមនសហព័ន្ធវិនិយោគិនកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ដើម្បីឲ្យវិនិយោគិនកម្ពុជា ឡើងដល់តម្លៃមួយដែលខ្ពស់ គឺតម្លៃដែលមានចំណេះដឹងវិជ្ជាជីវៈ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា នឹងធ្វើឲ្យវិនិយោគិនទាំងអស់ មាននូវអំណាចផ្ទាល់ខ្លួន ឲ្យយល់ពីរបៀបរបបរស់នៅ យល់ពីរបៀបរបបការងារនិងមុខរបរ និងឲ្យយល់ពីរបៀបរបប​ ទំនាក់ទំនងក្នុងសង្គមជាតិ ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា សមាគមន៍ នឹងត្រូវធ្វើរបាយការណ៍ ដាក់ជូនទៅគ្រប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ និងបណ្តាអង្គទូតនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនបរទេស ក្នុងការផ្សាភ្ជាប់ទំនាក់ទំនង វិនិយោគលើមុខជំនួញ ជាមួយវិនិយោគិនក្នុងស្រុក ជាសមាជិក-សមាជិកា នៃសមាគមន៍វិនិយោគិនកម្ពុជា ដែលកំពុងគៀគរសមាជិក-សមាជិកា ជាច្រើនរូប​ជាបន្តបន្ទាប់ ជាក់ស្តែងការប្រកាស សមាជិកសមាជិកកា នាឱកាសនេះ មាន១២២រូបន្ថែមទៀត ។

ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានសង្គត់ធ្ងន់ថា វិនិយោគិន ត្រូវបានចាត់ថ្នាក់ ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំ ដែលមិនអាចខ្វះបាន​ នៅគ្រប់បណ្តាប្រទេសទូទាំងសកលលោក ។ ដូច្នេះសមាជិក-សមាជិកា វិនិយោគិនកម្ពុជា នឹងត្រូវធ្វើការញ៉ែឲ្យដាច់ នៅតាមបណ្តា រាជធានី-ខេត្តទាំងអស់ របស់កម្ពុជា ។​ បង្កើតឲ្យមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ តាមរយៈអំណាចប្រមូលផ្តុំកម្លាំង ទៅតាមរចនាសម្ពន្ធ ចាត់តាំងនីមួយៗ ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល ដែលបានដាក់ចេញ ។

ទោះជាយ៉ាងណាលោកបណ្ឌិតប្រធាន ក៏បានសង្គត់ធ្ងន់ថា ការលើកកម្ពស់ និងតម្លៃវិនិយោគិន អាចធ្វើទៅរួចបាន លុះត្រាតែវិនិយោគិនខ្លួនឯងផ្ទាល់ ត្រូវតែមានក្រមសិល្បធម៌វិជ្ជាជីវៈ ប្រកបទៅដោយព្រហ្មវិហាធម៌ទាំង៤ និងត្រូវមានធាតុផ្សំ៥ចំណុច រួមមាន៖ ទី១ ចេះកសាងកម្លាំង រស់នៅបែបសមូហភាព ។ ទី២ ចេះប្រើប្រាស់មនុស្ស។ ទី៣ ចេះប្រើប្រាស់ថវិកា ទី៤រឹងមាំក្នុងកិច្ចការងារនិងមុខរបរ និងទី៥ត្រូវចេះអភិវឌ្ឍន៍ខ្លួនជានិច្ច​៕

To Top