ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា រាជធានីភ្នំពេញបច្ចុប្បន្ន ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានី មានលក្ខណៈល្អប្រសើរជាងមុន ពោលក្រោយក្រុមហ៊ុនដឹកជញ្ជូនសំរាម៣ ប្រកួតប្រជែងគ្នា ជាមួយការចូលរួម ពីវិស័យឯកជន និងប្រជាពលរដ្ឋ។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-23_12-38-52-1024x682.jpg)
លោក នួន ផារ័ត្ន បានលើកឡើងបន្តថា ការចូលរួមពីវិស័យឯកជន និង ប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការអប់រំប្រជាពលរដ្ឋ ឲ្យបានដល់ដឹង ពីការទុកដាក់ ការញែកសំរាម សំណល់រឹង ទៅតាមប្រភេទរបស់វា ដែលធ្វើឲ្យទីក្រុងភ្នំពេញស្អាតបន្ថែម ពីលើបច្ចុប្បន្ន មួយកម្រិតទៀត ។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-23_12-38-56-1024x682.jpg)
លោកបន្តថា នៅដំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាម ចំនួន៣ ប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរ ជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋ ក៏បានចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរ ធ្វើឲ្យទីក្រុងភ្នំពេញ កាន់តែមានភាពស្រស់ស្អាត និង មានបរិស្ថានល្អ បង្កឲ្យប្រជាពលរដ្ឋ រីករាយសប្បាយចិត្ត ។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-23_12-39-00-1024x682.jpg)
ទោះយ៉ាងណាក៏ដោយ ជំនួសមុខឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ លោក នួន ផារ័ត្ន បានធ្វើការអំពាវនាវប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត លើការទុកដាក់សំរាម ដើម្បីកាន់តែមានសោភ័ណ្ឌភាព មានបរិស្ថានល្អប្រសើរជាងមុន។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-23_12-39-03-1024x682.jpg)
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន៥០ឈុត ត្រូវនឹង១៥០ធុង ជូនរដ្ឋបាលរាជធានី ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)