ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល​ ស្នើគ្រប់ស្ថាប័នរដ្ឋ កាត់បន្ថយការចំណាយ ក្នុងអំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការហួសចិត្ត ចំពោះអង្គភាពរដ្ឋមួយ បានលើកសំណើមកនាយករដ្ឋមន្ត្រី សុំទិញរថយន្តក្នុងអំឡុងពេលដែលកម្ពុជា កំពុងមានតម្រូវការចាំបាច់ លើការប្រើប្រាស់ថវិកា ទប់ស្កាត់មេរោគកូវីដ១៩ ។សម្ដេចបានសំណូមពរឲ្យស្ថាប័នរដ្ឋ ប្រើប្រាស់ថវិកាជាតិ ដោយសន្សំសំចៃ តាមរយៈការកាត់បន្ថយ ការចំណាយដែលពុំចាំបាច់ ។

ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោបានមានប្រសាសន៍ថា “ចំណាយខ្លះ វាមិនទាន់ចាំបាច់សោះ អត់ទាន់ចាំបាច់ ពន្យាសិនទៅ ខ្ញុំសូមស្នើឲ្យពន្យា ដើម្បីយើងកាត់បន្ថយការចំណាយ ហើយត្រៀមបម្រុង ទុកលុយនេះ ក្រែងចូលដល់កត្តាចៃដន្យ។ នេះសំណាងល្អ ដែលយើងរកមួយខែក្នុងខែមុននេះ យើងរកបាន ប្រហែលជា៤៧០លាន (ដុល្លារ) ប៉ុន្តែ៤៧០លាន ដុល្លារអត់គ្រប់ទេ សម្រាប់ការចំណាយរបស់យើង អីចឹងបានជាខ្ញុំបញ្ជាក់ ពីមុនយើងរកបាន៣ យើងចាយអស់២ យើងសន្សំបាន១ បានយើងសន្សំ សាច់ប្រាក់យើងទុកបានយ៉ាងក្រាស់ក្រែល ហើយដែលភ័ព្វសំណាង ពេលដែលកើតកូវីដ យើងមានទុននេះ ប្រើប្រាស់”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីអង្គភាពមួយ បានលើសំណើមកសម្តេច ដែលធ្វើឲ្យសម្តេចហួសចិត្តថា ” ខ្ញុំវាហួសចិត្តមានអង្គភាពត្រូវការចាំបាច់ ដើម្បីចុះមូលដ្ឋាន នៅឆ្នាំ២០២២ និង២០២៣ សូមស្នើទិញរថយន្ត២គ្រឿង សេរី Ford មួយគ្រឿង ឆ្នាំ២០២២ និងអាស្អីនោះមួយគ្រឿងទៀត ឆ្នាំ២០២២ បានខ្ញុំចារត្រឡប់ទៅវិញថា ថវិកា កំពុងជួបការលំបាក មិនអនុញ្ញាតឱ្យទិញនោះទេ” ។

ជាងនេះទៅទៀតសម្តេចបានទទូច និងស្នើដល់គ្រប់ស្ថាប័នជាតិ ត្រូវតែសន្សំសំចៃ ចំពោះការប្រើប្រាស់ថវិកាជាតិជាចាំបាច់ មិនត្រូវចេះតែលើកសំណើ មកនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំថវិកា យកទៅប្រើប្រាស់លើកិច្ចការ ដែលពុំចាំបាច់ និងបានណែនាំ ឱ្យគ្រប់ស្ថាប័នត្រូវ ផ្អាក ឬពន្យាពេលបាន ត្រូវតែពន្យាពេល ។

សម្តេចតេជោ បានលើកឡើងជុំវិញបញ្ហានេះថា “ខ្ញុំសុំស្នើទៅអ្នកទាំងអស់គ្នា យកចិត្តទុកដាក់ សន្សំសំចៃថវិកា ក្នុងការចំណាយ កន្លែងដែលត្រូវចាយ គប្បីចាយ កន្លែងណាដែលមិនគប្បីចាយ គឺផ្អាកការចាយសិនទៅ ឬក៏កុំចាយ ឬក៏ពន្យាការចាយសិន ដើម្បីធានាឲ្យមានតុល្យភាព រវាងក្បាលចេញនិងក្បាលចូល កុំឱ្យវាបាត់តុល្យភាពខ្លាំងពេក ដែលធ្វើឱ្យប្រាក់ដែលយើងសន្សំនេះ ជួបការលំបាក នឹងជាចំណុចដែលខ្ញុំចង់និយាយ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ”៕

To Top