ភ្នំពេញ៖ នៅថ្ងៃនេះគឺជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងសម្ដេចតេជោ ហ៊ុន សែន និងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។
តាមរយៈគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវនៃការជួបជុំគ្នាឡើងវិញ រវាងសម្ដេច និងភរិយាដែលមានខ្លឹមសារ ទាំងស្រុងដូចតទៅ៖
ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផង និងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំ និងភរិយាជូនបងប្អូនដែលចង់ដឹងផង។
ខ្ញុំបានក្លាយជាបុរសពោះម៉ាយ មួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។
ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់ បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះកូនរបស់ខ្ញុំ នៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នា និងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយ ដោយបានដឹងនិងឃើញថា មានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថា ជាឪពុកនិងកាន់តែលំបាកគឺ កូនមិនព្រមអោយយើង ទៅជិតម្តាយគេទៀតផង។
ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មាន សប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លង សាឡាងអ្នកលឿង ក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត ២នាក់ដែលជិះម៉ូតូដឹកភរិយា និងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។
ម៉ាណែត កូនកំសត់មួយនេះបានត្រឹម លេបទឹកមាត់មើលមុខម្តាយ ដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាច និងក្រោយដឹងរឿងនំបុ័ង នៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង ១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំ ឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃ
កុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូប ឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ ។
ប្រហែលម៉ោង ៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាច ជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើង ទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំ ដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិន ឮសម្លេងកូនទៀតផង។
ដោយមិនឮសម្លេងកូន ខំបើកភួយឡើងវិញស្រាប់តែ បាត់កូនខំបើកទ្វារមករកកូនខាងក្រៅ បន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំ គេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បង លេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។
សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបាន ជាឈុតឆាកមួយចំនួនផងដែរ ៕