ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យម៉ាឡេស៊ី បង្កើនការនាំចូលអង្ករពីកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ម៉ាឡេស៊ី ធ្វើការវិនិយោគរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុកស្រូវ នៅកម្ពុជា ព្រមទាំងជួយនាំអង្ករ ឲ្យបានច្រើនចេញពីកម្ពុជា ទៅម៉ាឡេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុម អ្នកសារព័ត៌មានថា កម្ពុជា-ម៉ាឡេស៊ី បានខិតខំពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំបន្ថែមទៀត ។

សម្ដេចតេជោបញ្ជាក់ថា«ខ្ញុំបានអំពាវនាវស្នើដល់ម៉ាឡេស៊ី ឲ្យជួយទៅដល់ការនាំអង្ករបន្ថែមទៀតចេញពីកម្ពុជា ឬការវិនិយោគរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងការប្រមូលទិញ ដើម្បីផ្គត់ផ្គង់អង្ករចេញពីកម្ពុជាទៅកាន់ម៉ាឡេស៊ីដែលជាផ្នែកមួយ ក្នុងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម»។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ម៉ាឡេស៊ី បានអំពាវនាវដល់កម្ពុជាសម្រាប់ការប្រើប្រាស់ដូងប្រេង នៅស៊ីហ្គេមឆ្នាំ២០២៣។

សម្ដេចតេជោបញ្ជាក់ថា «ឯកឧត្តមនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានធ្វើការអំពាវនាវសម្រាប់កម្ពុជា ប្រើប្រាស់ដូងប្រេង នៅក្នុងតំបន់ម៉ាឡេស៊ី នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ហើយយើងបានគាំទ្រ សូមឲ្យក្រសួងពាណិជ្ជកម្ម ពិភាក្សាជាមួយ អ្នកដែលត្រូវធ្វើការជាមួយ ដើម្បីទទួលការទិញ»។

សម្ដេចតេជោបានបន្ដថា តាមពិតទៅប្រទេសកម្ពុជា បានប្រើប្រាស់នូវដូងប្រេង របស់ម៉ាឡេស៊ីជាច្រើនរួចមកហើយ៕

To Top