នយោបាយ

កម្ពុជា-ម៉ាឡេស៊ី ជំរុញបន្ថែមទៀត នូវវិស័យពាណិជ្ជកម្មទ្វេភាគី ដើម្បីស្ការសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី បានបន្តជំរុញបន្ថែមទៀត នូវវិស័យពាណិជ្ជកម្មទ្វេភាគី ក្នុងគោលបំណងជំរុញការ ស្តារសេដ្ឋកិច្ចក្រោយ វិបត្តិជំងឺកូវីដ-១៩ ។

យោងតាមសេចក្តីថ្លែង ការណ៍រួមរវាង កម្ពុជា-ម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប មកកាន់កម្ពុជា ចាប់ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា នាយករដ្ឋមន្ដ្រី កម្ពុជា-ម៉ាឡេស៊ី បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី វិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណង ជំរុញការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។

ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើត ឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានា នៅម៉ាឡេស៊ីផងដែរ។

លើសពីនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍធនធាន មនុស្ស ការងារ សេដ្ឋកិច្ច ឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេច បាននូវការរីកចម្រើន ប្រកបដោយសុខមាលភាព រយៈពេលវែង និងការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។

នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគគិនឲ្យស្វែង រកកាលានុវត្តភាពបន្ថែមទៀត អំពីឱកាសអាជីវកម្ម និងវិនិយោគនៅក្នុង ប្រទេសទាំងពីរ ដោយប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងបង្ការការគេចពន្ធទាក់ទង នឹងការយកពន្ធ លើប្រាក់ចំណូល រវាងប្រទេស ទាំងពីរ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មី របស់កម្ពុជា ដែលនឹងផ្តល់នូវ ក្របខណ្ឌច្បាប់ ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។

ជាមួយគ្នានេះ ម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហការ ផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber security) នៅប្រទេសកម្ពុជា ៕

To Top