ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ចំនួន៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខាងមុខនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នាថ្ងៃទី២៤ កុម្ភៈ ក្រសួងបានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សំណូមពរលោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីឲ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
លោករដ្ឋមន្ដ្រីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង កម្ពុជា-ចិន។
ជាការឆ្លើយតប លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី អបអរសាទរយ៉ាងស្មោះស្ម័គ្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។
អភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងនាមជាច្រក នៃកិច្ចសហប្រតិបត្តិការរវាង ចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០៕




