ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រុមហ៊ុនទឹកពិសាវីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រមហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន ដោយទឹកដោះម្តាយ” នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបរិវេណរដ្ឋបាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមក្រោមអធិបតីភាព លោកស្រី មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ ) ព្រមទាំងមានការចូលរួមពីមន្រី្ត កាកបាទក្រហមកម្ពុជា អាជ្ញាធ័រមូលដ្ឋាន នៃសាលាសង្កាត់គោករកា បុគ្គលិកក្រុមហ៊ុនវីតាល់ និងប្រជាជនមូលដ្ឋាន ដែលជាស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ជាច្រើននាក់ ស្របតាមបែបគន្លងថ្មី ។
លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា សុខភាពរបស់មាតា និងទារក គឺ ជាកក្តាសំខាន់ ។ ការថែទាំងសុខភាពការពិនិត្យផ្ទៃពោះ ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ស្ត្រីមានផ្ទៃពោះ គឺជារឿងដែលមិនអាចធ្វេសប្រហែសបាន និងត្រូវយកចិត្តទុកដាក់ជាចម្បង។
លោកស្រី បានបន្ថែមថា ជាពិសេសនៅអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ១៩ សុខភាពរបស់មាតា និងទារក អាចនឹងមានការគំរាមគំហែមបន្ថែម ដែលតម្រូវឲ្យយើង ទាំងអស់គ្នា រួមទាំងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន មន្ត្រីសុខាភិបាល និងក្រុមគ្រួសារ ត្រូវចូលរួមផ្តល់ការ គាំទ្រដើម្បីពង្រឹង នូវការផ្តល់ជាភាពងាយស្រួល និងការយកចិត្តទុកលើសុខាភាពមាតា និងទារក ដូចជាការពិនិត្យនិងផ្តល់ប្រឹក្សា ការចូលរួមអនុវត្ត វិធានការបង្ការនានា និងការគាំទ្រក្នុងរូបភាពផ្សេងៗទៀត ។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនឯកជន យើងខ្ញុំពិតជាមានសេចក្តី រីករាយជាខ្លាំង ដែលបានសហការ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង និងបានជួបជាមួយបង ប្អូនជាស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ដែលអញ្ជើញមកពីបណ្តាភូមិ សហគមន៍ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
លោកស្រី បានបន្តថា “នៅក្នុងស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទឹកពិសាវីតាល់ បានយល់ឃើញច្បាស់ពីភាពលំបាក និងហានិភ័យមួយចំនួន ដែលអាចកើតឡើង ទៅដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន ។ ដូច្នេះ នៅថ្ងៃនេះ ដើម្បីចូលរួមសម្រួល ទៅដល់ស្ថានការណ៍លំបាក ក្រុមហ៊ុនទឹកពិសាវីតាល់បាន សហការជាមួយកាកបាទក្រហមកម្ពុជា ដោយនាំយកនូវគ្រឿង ឧបភោគបរិភោគមួយចំនួន រួមជាមួយសម្ភារសម្រាប់ទារក ទារិកា និងថវិការមួយចំនួន ជូនដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូននៅទីនេះ។ នាងខ្ញុំសង្ឃឹមថា អំណោយនៅថ្ងៃនេះ នឹងអាចជួយសម្រួលដល់ការលំបាក របស់បងប្អូនមួយចំនួន។”
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុន ផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងឆ្លងកាត់ការ ត្រួតពិនិត្យត្រឹមត្រូវ ។ វីតាល់ ត្រូវបានទទួលស្គាល់ និងពេញនិយមពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុង ទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ ៕