ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន ហើយតំបន់ទាំងពីរ អឺរ៉ុបនិងអាស៊ី មានបញ្ហាធំដូចគ្នាដែលត្រូវ ដោះស្រាយដើម្បីការពារសន្តិភាព ស្ថិរភាព ដែលការពិតត្រូវបានរបូត ចេញពីដៃយើងរួចទៅហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ កុម្ភៈ លោឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍រំលឹកថា លោកបានមកទីក្រុងប៊ែរឡាំង កាលពី៥០ឆ្នាំមុន គឺនារដូវក្តៅឆ្នាំ១៩៧២។ កាលនោះជាសម័យសង្គ្រាមត្រជាក់ ក្រុងនេះនៅចែកជាពីរនៅឡើយ ដែលខាងកើតត្រួតត្រាដោយសហភាពសូវៀត ឯខាងលិចត្រួតត្រាដោយ កំលាំងសម្ព័ន្ធមិត្តបីទៀតគឺ អាមេរិក អង់គ្លេស និងបារាំង (អ្នកឈ្នះសង្គ្រាមលោកលើកទី២)។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដំណើរពេលនោះជាដំណើរកំសាន្ត ដោយចេញពីទីក្រុងម៉ូស្គូ ក្រោយបានទទួលសញ្ញាប័ត្រ បញ្ចប់មធ្យមសិក្សាកំរិតពីរ។
ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «៥០ឆ្នាំក្រាយ ខ្ញុំមានភ័ព្វសំណាងមក កាន់ទីក្រុងនេះជាលើកទីពីរ។ ប៉ុន្តែលើកនេះគឺមកបំពេញ បេសកកម្មការទូត ដ៏មានអត្ថន័យមួយ។ ហើយនេះក៏ជាដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសខ្មែរ លើកទីមួយក្នុងរយៈពេល ២៧ឆ្នាំ។ ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន ហើយតំបន់ទាំងពីរ អឺរ៉ុបនិងអាស៊ី មានបញ្ហាធំដូចគ្នាដែលត្រូវ ដោះស្រាយដើម្បីការពារសន្តិភាព ស្ថិរភាព ដែលការពិតត្រូវបានរបូតចេញ ពីដៃយើងរួចទៅហើយ» ។

លើសពីនេះលោករដ្ឋមន្ត្រីថ្លែងថា ទោះបីកំពុងវិលវល់នឹងវិបត្តិ និងការគំរាមកំហែង នៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ លោកស្រី អាណាឡេណា ប៊ែរបក់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានរក្សាពាក្យសន្យារបស់គាត់ ឆ្លៀតពេលទទួលលោកជាលក្ខណៈផ្លូវការ និងពិភាក្សាការងារជាមួយគ្នាពេញមួយម៉ោង។
លោករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសនោះ អរគុណលោកស្រីរដ្ឋមន្ត្រី រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលតែងតែគាំទ្រ និងឧបត្ថម្ហដល់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ។
ទន្ទឹមនឹងនេះ លោកក៏បានសម្ដែងនូវក្ដីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអាល្លឺម៉ង់ ហើយក៏អរគុណដល់ពួកគាត់ ដែលខំធ្វើដំណើរមកជួបរូបលោកផ្ទាល់ផងដែរ ៕

