ព័ត៌មានជាតិ

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន»

មេរៀន ពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជា ឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។

តាមរយៈមេរៀនពីសង្គ្រាម នៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖

១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្ម នៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំ និងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនា ដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេស ឱ្យលឿនទៅមុខដោយប្រើប្រាស់ បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។

២. បន្តគោលនយោបាយការបរទេស ដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះនៃនយោបាយការបរទេស ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់ នៅលើសកលលោក»។

៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អ ជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណា ជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោម ការបង្គាប់បញ្ជា ឬឥទ្ធិពលរបស់ប្រទេសជិតខាង ណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខ និងស្មើសិទ្ធិជាមួយ គ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍ គ្នាទៅវិញទៅមក គោរពអធិបតេយ្យ និងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ផងគ្នា។ ប្រទេសណាក៏ដោយ ដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតប តាមភាសារបស់ពួកគេ។

៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរ នៃសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយ ដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួន ត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។

៥. ល្មមដល់ពេលអនុវត្ត ច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិ ត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយ ដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀត នូវខឿនការពារជាតិរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុត ដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យសន្តិសុខ។

ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាព ពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខ ដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែង ធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុត ពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង ទាំងបច្ចុប្បន្ននិងទៅអនាគត៕ ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

To Top