សៀមរាប៖ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សាខាខេត្តសៀមរាប នៅបន្តខិតខំបំពេញកាតព្វកិច្ច ក្នុងការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល ៣ការពារ និង៣កុំ ដែលបានដាក់ចេញ ដោយប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ាង សុខជា ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប ក្នុងឱកាសដែលក្រុមព័ត៌មាន ប.ស.ស. ចុះទៅបំពេញការងារ នៅខេត្តរបស់លោក បានឱ្យដឹងថា៖ គិតត្រឹម១ឆ្នាំ២០២១ កន្លងទៅ មានសមាជិក ប.ស.ស. សរុបប្រមាណជិត ៣ម៉ឺននាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈចំនួន ១៤ ២៤៤នាក់ បានចូលទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស. ក្នុងខេត្តសៀមរាប ។
នេះជាចំនួនមួយយ៉ាងច្រើន ដែលបង្ហាញឱ្យឃើញថា ប.ស.ស. បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិករបស់ខ្លួន បើទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាក នៃសម័យកូវីដ-១៩ យ៉ាងណាក៏ដោយ។
លោក ប៉ាង សុខជា បានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្នុងរយៈពេលមួយឆ្នាំ២០២១ ដែលទើបកន្លងផុតទៅនេះដែរ ប.ស.ស. សាខាខេត្តសៀមរាប បានផ្តល់តាវកាលិក (ប្រាក់ឧបត្ថម្ភ) ដល់សមាជិក គឺមានប្រមាណជាជិត ២ពាន់នាក់ ដែលក្នុងនោះសមាជិកប.ស.ស. ចំនួន ២២១នាក់ បាននឹងកំពុងទទួលបានតាវកាលិក ផ្នែកហានិភ័យការងារ។ ដោយឡែកសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធវិញ គឺមានចំនួនសរុបប្រមាណជាជាង ១ពាន់នាក់ផងដែរ ដែលទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. សាខាខេត្តសៀមរាប។
ជាមួយគ្នានេះ ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប លោក ប៉ាង សុខជា ក៏បានស្នើឲ្យគ្រប់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ នៅទូទាំងខេត្តសៀមរាប ដែលមិនទាន់បានចុះបញ្ជីសហគ្រាសមក ប.ស.ស. សូមប្រញ៉ាប់មកចុះបញ្ជី និងបញ្ជូនបុគ្គលិកមកធ្វើបណ្ណសមាជិក ប.ស.ស. ដើម្បីទទួលបានការការពារ ជូនបុគ្គលិករបស់ខ្លួន ស្របទៅតាមច្បាប់ ដែលបានដាក់ចេញ។
ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប លោក ប៉ាង សុខជា ក៏បានអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ពិសេសលោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដែលឯកឧត្តមអគ្គនាយក តែងតែផ្តល់ការទុកចិត្ត និងបានផ្តល់ឱវាទ ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. សាខាខេត្តសៀមរាប និងតែងតែលើកទឹកចិត្ត ក្នុងការបំពេញការងារ ជូនសមាជិករបស់ខ្លួន ធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕