នយោបាយ

កម្ពុជា បញ្ជាក់គោលជំហរ លើជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈបញ្ហានេះ កំពុងក្លាយជាអន្តរជាតិ តូបនីយកម្មសង្គ្រាម

ភ្នំពេញ ៖ បន្ថែមពីលើការជំរុញឲ្យមានការចរចា ដោយសន្តិវិធី នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីគោលជំហរ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ទៅលើភាគីណាមួយនោះទេ ។

ការចេញមុខប្រកាសជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេស លោកខាងលិច ក៏ដូចប្រទេសជាសមាជិក សហគមន៍អឺរ៉ុប មួយចំនួនបាននិង កំពុងព្យាយាមលូកដៃចូល តាមរយៈការផ្ដល់ជំនួយ ជាអាវុធ និងយន្តហោះចម្បាំង ជាច្រើនគ្រឿង ទៅឲ្យភាគីអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹង វត្តមានយោធារុស្ស៊ី នៅប្រទេសនេះ។

ថ្លែងចេញពីលើវេទិកា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាន៍ថា «ធ្វើប្រធានអាស៊ានឆ្នាំ២០២២នេះ មិនមែនជារឿងសាមញ្ញាទេ រឿងមួយមិនទាន់ចប់ រឿងមួយបានកើតឡើង រឿងមួយមិនទាន់ចប់ រឿងមួយទៀងបានកើតឡើងបន្ត យើងកំពុងបន្តជំរុញ DOC រវាងអាស៊ាន-ចិន ឲ្យចេញទៅមុខ កើតឡើងនូវបញ្ហាមីយ៉ាន់ម៉ា បញ្ហាមីយ៉ាន់ម៉ា មិនទាន់ចប់ ឥឡូវកើតមានបញ្ហារុស្ស៊ីនិងអ៊ុយក្រែន» ។

សម្ដេចថា បើទោះបីជាភូមិសាស្រ្ត នៅឆ្ងាយពីគ្នា ក៏ប៉ុន្តែគេតម្រូវឲ្យបញ្ចេញនូវឥរិយាបថ របស់កម្ពុជាផងដែរ។

សម្ដេចតេជោបន្តថា កម្ពុជាមិនលើកទឹកចិត្តឲ្យមានការបំបែករដ្ឋនោះទេ ករណីដូចកោះកូសូវ៉ូ កម្ពុជាអត់ទទួលស្គាល់ទេ។ ការលើកទឹកចិត្តណាមួយ ក្នុងការបំបែករដ្ឋ គឺកម្ពុជាអត់ចូលរួមនោះទេ។

សម្ដេចតេជោ គូសបញ្ចាក់ថា «ខ្ញុំនៅតែរក្សា ទស្សនទាន គឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបាននោះទេ ហើយគោលជំហររបស់កម្ពុជា តាំងពីដើមរហូតដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែងប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងភាគីមួយទៀត ។ ចំណុចនេះអាចធ្វើឲ្យគេយល់បានអំពីទស្សនវិស័យនៃកិច្ចការបរទេសរបស់កម្ពុជា»។

សម្ដេចបន្ថែមថា ឥឡូវជម្លោះ ការវាយប្រហារពីសំណាក់រុស្ស៊ីទៅកាន់អ៊ុយក្រែន កំពុងក្លាយទៅជា អឺរ៉ុប បនីយកម្មសង្គ្រាម ជាមួយរុស្ស៊ីទៅហើយ ដោយសារកាលពីដើម ជាការវាយប្រហារ ពីរុស្ស៊ីទៅកាន់អ៊ុយក្រែន (ទិដ្ឋភាពជាក់ស្ដែង) ប៉ុន្តែឥឡូវនេះ ប្រទេសនានានៅក្នុងអឺរ៉ុប បាននាំគ្នាប្រគល់ទាំងមនុស្ស ឲ្យចូលទៅជួយអ៊ុយក្រែន ហើយប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែនទៀត។

សម្ដេចសង្កត់ធ្ងន់ថា «ដូច្នេះសង្គ្រាមរវាង រុស្ស៊ីជាមួយនិងអ៊ុយក្រែន មិនមែនជាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែនទៀតទេ ជាសង្គ្រាមរុស្ស៊ីជាមួយនឹងអឺរ៉ុបហើយ ! តាមរយៈនៃការផ្ដល់ជំនួយយោធា រហូតទៅដល់ការផ្ដល់យន្ដហោះចម្បាំង នេះគឺជាការលើកទឹកចិត្តបន្ថែម នៃការធ្វើសង្គ្រាម»។

បន្ថែមពីលើគោលជំហរខាងលើ ប្រមុខដឹកនាំកម្ពុជា ក៏មិនលើកទឹកចិត្តឲ្យមានការផ្ដល់ជំនួយយោធា ទៅកាន់ភាគីណាមួយនោះឡើយ ។

ពាក់ព័ន្ធទៅនឹងជម្លោះដ៏ស្មុគស្មាញនេះ សម្ដេចតេជោថា «ប្រសិនបើនេះគ្រាន់តែជាបញ្ហា រវាងរុស្ស៊ីនិងអ៊ុយក្រែន យើងងាយនឹងការប្រកាន់ឥរិយាបថ ប៉ុន្តែឥឡូវវាមិនទៅជាចឹងទេ អន្តរជាតិ តូបនីយកម្មសង្គ្រាម ឬអាចនិយាយថា អឺរ៉ុបបនីយកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន តាមរយៈការបើកច្រក ឲ្យពលរដ្ឋរបស់ខ្លួន ទៅធ្វើជាទាហានអ៊ុយក្រែន និងម្ខាងទៀតគឺផ្ដល់អាវុធនិងយន្តហោះចម្បាំងទៅទៀត»។

ក្នុងឱកាសនោះ សម្ដេចក៏បានលើកឡើងចោទជាសំនួរថា តើអ៊ុយក្រែនមានពីឡុតគ្រប់គ្រាន់សម្រាប់បើកបរយន្ដហោះចម្បាំងនោះទេ? សម្តេចថា ច្បាស់ណាស់មិនគ្រប់ទេ ចឹងមានតែប្រើ ពីឡុតដែលផ្គត់ផ្គង់យន្ដហោះ បើដូច្នេះមិនមែន សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ទៀតនោះទេ ទៅជាសង្គ្រាមរបស់ប្រទេសដែលជួយផ្ដល់។

ជាមួយនឹងការបញ្ចេញមតិនានា លើបញ្ហារុស្ស៊ីនិងអ៊ុយក្រែននេះ សម្ដេចតេជោ ថា «សូមកុំភ័ន្តច្រឡំ! បើទោះបីជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តី រត់ចោលស្រុកក៏ប្រជាជនអ៊ុយក្រែន នឹងមិនសុខចិត្តនោះទេ សង្គ្រាមឈ្លបនៅតែកើតមាន នៅលើទឹកដីអ៊ុយក្រែន ក្លាយទៅជាសង្គ្រាមវិលវលឮ់ ដោយរកទីបញ្ចប់គ្មាន»។

សម្ដេចបញ្ជាក់ថា «កម្ពុជា នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិថ្មី យើងជំទាស់ទៅនឹងការប្រើប្រាស់កម្លាំង និងការគម្រាមប្រើប្រាស់កម្លាំង ប្រឆាំងទៅនឹងភាគីមួយទៀត។ យើងលើកទឹកចិត្តឲ្យមានការសន្ទនា សម្រាប់ការដោះស្រាយបញ្ហានេះ »។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចសង្ឃឹមថា មិត្តភក្តិភាគីទាំងសង្ខាង នឹងយោគយល់ ដល់គោល ជំហររបស់កម្ពុជា ហើយក៏មិនគួរចាប់បង្ខំកម្ពុជា ឲ្យទៅនៅភាគីនេះ ឬភាគីនោះ នោះទេ។

សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន គិតមកដល់ពេលនេះ គឺថ្ងៃទី៦ហើយ បន្ទាប់ពីការវាយប្រហារពីរុស្ស៊ីកាលពីថ្ងៃ២៤ កុម្ភៈ ។ ខណៈមកដល់ថ្ងៃនេះ កងទ័ពរុស្សីបង្កើនការវាយប្រហារយករដ្ឋធានី និងទីក្រុងធំទី២របស់អ៊ុយក្រែន តែនៅមិនទាន់យកបាន ហើយកងទ័ពរុស្សីបានស្លាប់កើនឡើងដល់៥៧១០ នាក់ ។ ទីក្រុង របស់អ៊ុយក្រែន ក៏រងការបំផ្លាញកាន់តែខ្លាំង ដោយប្រជាជនរាប់លាននាក់ កំពុងភៀសខ្លួន ដោយក្នុងនោះមានរាប់សែននាក់ បានឆ្លងទៅកាន់ប្រទេសនានានៅអឺរ៉ុប ៕

To Top