ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងច្បាស់ៗថា សម្ដេចមិនអាចស្វែងរកសន្តិភាពខាងផ្លូវចិត្ត ជូនអ្នកណាម្នាក់បានទេ ក៏ប៉ុន្តែសម្ដេចអាចធានាសន្តិភាព ដោយគ្មានជម្លោះប្រដាប់អាវុធ នៅលើដែនដីដ៏កំសត់មួយនេះបាន ។
ការថ្លែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងបន្ទាប់ពីពួកប្រឆាំងតែងតែនិយាយថា បើអត់មានសន្តិភាពខាងផ្លូវចិត្តទេ គឺគេមិនហៅថា សន្តិភាពទេ ។ ជាពិសេសពួកប្រឆាំងក៏តែងតែ សុំឲ្យសម្ដេចរកសន្តិភាពផ្លូវចិត្ត ឲ្យពួកគេផងដែរ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានមានប្រសាសន៍ថា ឥឡូវប្រជាពលរដ្ឋ អាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ ប្រកបដោយសុខសុវត្ថិភាព គឺដោយសារកម្ពុជាមានសុខសន្តិភាព ។ សម្ដេចថា សន្តិភាពជាចំណុចពិសេស និងអាទិភាពខ្ពស់បំផុត នៃនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចតេជោបន្តថា បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ សម្ដេចថា ដំបូងបំផុតត្រូវធានាសន្តិភាព ដើម្បីធានាថា សិទ្ធិរស់រៀនមានជីវិត ជៀសផុតពីការស្លាប់ដោយសារអាវុធ ជៀសផុតពីការភ័យខ្លាច ដោយសារគ្រាប់កាំភ្លើង និងគ្រាប់បែក ។
សម្ដេចបញ្ជាក់ជាថ្មីថា សម្ដេចមិនអាចរក សន្តិភាពខាងផ្លូវចិត្ត ជូនអស់លោកអ្នកបានទេ ។ សម្ដេចថា ឥឡូវពួកប្រឆាំងអត់និយាយអ្វីទេ គឺប្រឹងឲ្យតែសម្ដេចរកសន្តិភាពផ្លូវចិត្ត ជូនពួកគេ ខណៈសម្ដេចធ្លាប់បញ្ជាក់ហើយ សូម្បីតែលោក ខៀវ កាញារីទ្ធ ក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ។
សម្ដេចតេជោបន្ថែមថា នៅឋានព្រះឥន្ទក៏មិនប្រាកដថា មានសន្តិភាពផ្លូវចិត្តដែរ ។ សម្ដេចថា រវាងឋាននរក ឋានមនុស្ស និងឋានទេវតា គឺសម្ដេចសុខចិត្តជ្រើសរើស យកឋានមនុស្ស ហើយបើត្រូវឲ្យសម្ដេចឡើងឋានសួគ៌ ក៏សម្ដេចសុំនៅឋានមនុស្សដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «អ្នកដែលសុំឲ្យខ្ញុំធានា សន្តិភាពខាងផ្លូវចិត្តឲ្យគេ សូមទៅរកខ្លួនឯងទៅ អាត្មាមិនទៅរកបានទេ ។ ឯងទៅក្បត់ប្រពន្ធខ្លួនឯង ឯងទៅលេងល្បែងចាញ់គេ អាខ្លះទៅដល់អាមេរិកហើយ នៅលេងកាស៊ីណូនៅទីនោះទៀត ។ អានេះមានសន្តិភាពផ្លូវចិត្ត មកពីណាបើជំពាក់លុយគេហ្នឹង តែជំពាក់លុយគេ ខ្លាចគេមកទារ អាហ្នឹងអត់មានសន្តិភាពផ្លូវចិត្តទេ រកជូនមិនបានទេចា៎ ។ ខ្ញុំធានាបានតែម្យ៉ាងទេ សន្តិភាពដោយគ្មានជម្លោះប្រដាប់អាវុធ» ។
សម្ដេចលើកឡើងថា ពីកងទ័ពបួនភាគី មកនៅជាកងទ័ពមួយភាគី ពីទឹកដីដែលធ្លាប់មានការបែងចែកគ្រប់គ្រងជាតំបន់ទៅជាទឹកដីតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ គឺសម្ដេចធ្វើបានតែប៉ុណ្ណឹងទេ ត្រង់ថា អស់លោកមានប្រពន្ធមួយពីរ បី ជារឿងរបស់លោកទេ ។
សម្ដេចគូសបញ្ជាក់ថា បើកាលណាកុំធ្វើឲ្យមានពិរុទ្ធភាពនោះ ផ្លូវចិត្តរបស់យើង ក៏អត់មានអ្វីពិបាកដែរ ៕