នយោបាយ

សម្ដេចតេជោ ៖ អ្នកដែលលើកកងទ័ព ទៅពីចំងាយ មិនអាចយកឈ្នះ អ្នកនៅខាងក្នុងនោះទេ

ភ្នំពេញ ៖ នៅក្នុងជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលលើកកងទ័ពទៅពីចំងាយ មិនអាចយកឈ្នះ អ្នកនៅខាងក្នុងនោះទេ ។

ការលើកឡើងនេះ ដោយសម្ដេចតេជោ សំអាងលើបទពិសោធន៍នៅកម្ពុជាផ្ទាល់ ដែលក្នុងនោះសម្ដេចបង្ហាញថា បារាំងចូលមកក៏ធ្វើអ្វីមិនកើត ជប៉ុន ចូលមកក៏ធ្វើអ្វីមិនកើត អាមេរិកចូលមកក៏ធ្វើអ្វីមិនកើត វៀតណាមចូលមក ទោះបីក្រោមហេតុផលជួយក៏ដោយ ក៏ប៉ុន្តែវៀតណាម ត្រូវតែដកត្រឡប់ទៅវិញ។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា «អ្នកដែលលើកកងទ័ពទៅពីចំងាយ មិនអាចយកឈ្នះអ្នកនៅខាងក្នុងនោះទេ ព្រោះកម្ពុជាខ្លួនឯងធ្លាប់ជួបប្រទះ បារាំងចូលមកក៏ធ្វើអីមិនកើត ជប៉ុនចូលមកក៏ធ្វើអីមិនកើត អាមេរិកចូលមកក៏ធ្វើអីមិនកើត វៀតណាមចូលមក ទោះបីក្រោមហេតុផលជួយក៏ដោយ ក៏ប៉ុន្តែវៀតណាម ត្រូវតែដកត្រឡប់ទៅវិញ» ។

សម្ដេចថា គឺមានតែម្ចាស់ប្រទេប៉ុណ្ណោះ ដែលត្រូវឈរជើងនៅក្នុងប្រទេសរបស់ពួកគេ ។

សម្ដេចតេជោបញ្ជាក់ថា «អ៊ុយក្រែន មិនអាចលុបចេញពីផែនទី ពិភពលោកបាននោះទេ »។

ជុំវិញករណីនេះ សម្ដេចថា ប្រសិនបើរុស្ស៊ី មិនដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែននោះទេ សង្គ្រាមឈ្លបនឹងបន្តកើតមានជារៀងរហូត ដែលធ្វើឲ្យមានការបង្ហូរឈាម មិនចេះចប់ ៕

To Top